សម្តេចតេជោ ប្រាប់ទៅកាន់ពិភពលោកថា សន្តិភាពផ្ដល់នូវក្តីសង្ឃឹម និងស្នាមញញឹមដល់មនុស្សគ្រប់រូប

ចែករំលែក៖

សាធារណរដ្ឋកូរ៉េ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស អញ្ជើញទទួលខណៈជាម្ចាស់ជ័យលាភីពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ នៅសាធារណរដ្ឋកូរ៉េ បានថ្លែងថា, សន្តិភាពផ្ដល់នូវក្តីសង្ឃឹម និងស្នាមញញឹមដល់មនុស្សគ្រប់រូប ហើយសម្តេចបានបង្ខំចិត្ត ឈប់រៀននៅក្នុងឆ្នាំ១៩៧០ នៅពេលដែលប្រទេស បាននិងកំពុងបែកបាក់យ៉ាងខ្លាំង ហើយ សង្គ្រាមក៏បានផ្ទុះឡើងយ៉ាងសន្ធោសន្ធៅកើតឡើង ពិសេសចាកចោលឧត្តមភរិយាទាំងមានផ្ទៃពោះ នៅកម្ពុជា ខណៈសម្តេចតេជោ ទៅឆ្លងតំបន់គ្រោះថ្នាក់ចំការមីនកាន់ប្រទេសវៀតណាមទាំងយប់ ។

សម្តេចតេជោ ហ៊ុនសែន បានមានប្រសាសន៍ទៅកាន់ពិភពលោក និងចែករំលែកបទពិសោធន៍ការស្វែងរកសន្តិភាពថា, សម្រាប់ខ្ញុំ, សន្តិភាពមានតម្លៃជាងអ្វីៗទាំងអស់។ សន្តិភាព គឺជាអ្វីដែលស្រស់ស្អាតបំផុត។ សន្តិភាពផ្ដល់នូវក្តីសង្ឃឹម និងស្នាមញញឹមដល់មនុស្សគ្រប់រូប។ អ្នកដែលមិនធ្លាប់បានឆ្លងកាត់នូវ ទុក្ខ លំបាក និងការឈឺចាប់ដែលបង្កដោយសង្គ្រាម ប្រហែលជាមិនឱ្យតម្លៃលើសន្តិភាពនោះឡើយ។ ចំណែកឯអ្នកដែលធ្លាប់បានឆ្លងកាត់ជម្លោះហឹង្សា ឬភ្លើងសង្គ្រាម ទើបដឹងថា សន្តិភាពមានតម្លៃដ៏ថ្លៃថ្ល ប៉ុណ្ណានោះ។ ឆ្លៀតឱកាសនេះ, ខ្ញុំសូមចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ ដែលបានរីកធំធាត់ និងចំរើនវឌ្ឍនាកា ដោយបានឆ្លងកាត់នូវសង្គ្រាមស៊ីវិលជាច្រើនទសវត្សរ៍នៅកម្ពុជា។ ខ្ញុំត្រូវបង្ខំចិត្ត ឈប់រៀននៅក្នុងឆ្នាំ១៩៧០ នៅពេលដែលប្រទេសរបស់ខ្ញុំ បាននិងកំពុងបែកបាក់យ៉ាងខ្លាំង ហើយ សង្គ្រាមក៏បានផ្ទុះឡើងយ៉ាងសន្ធោសន្ធៅ។ ជីវិតកុមារភាព និងវ័យជំទង់របស់ខ្ញុំ ដែលគួរតែទទួលបាន នូវភាពសប្បាយរីករាយ ប្រសិនបើប្រទេសខ្ញុំមានសន្តិភាពនោះ ប៉ុន្តែខ្ញុំបែរជាជួបតែទុក្ខលំបាក និងការ ឈឺចាប់ទៅវិញ។ នាពេលនោះ, ខ្ញុំពិតជាអស់សង្ឃឹមយ៉ាងខ្លាំង ចំពោះអនាគតរបស់ខ្ញុំ និងអនាគត របស់ប្រទេសខ្ញុំ។

ចាប់ពីពេលនោះមក, ខ្ញុំបានលះបង់ជីវិត ដើម្បីស្វែងរកសុខសន្តិភាពជូនប្រទេសកម្ពុជារបស់ខ្ញុំ។ ខ្ញុំបានចំណាយពេលប្រមាណជិតបីទសវត្សរ៍ ដើម្បីសម្រេចបាននូវក្តីសុបិនរបស់ខ្ញុំ ដោយខ្ញុំត្រូវស៊ូទ្រាំ នឹងការលំបាកសព្វយ៉ាង រួមទាំងការប្រថុយជីវិតនៅក្នុងកិច្ចដំណើរការនៃការកសាងសន្តិភាពមួយនេះ។ ជាក់ស្តែង, ខ្ញុំបានរងរបួស និងបានបាត់បង់ភ្នែកម្ខាង។ ខ្ញុំត្រូវបង្ខំរត់គេចខ្លួនដោយថ្មើរជើងទៅកាន់ ប្រទេសវៀតណាមទាំងកណ្ដាលយប់អាធ្រាត ដោយត្រូវដើរឆ្លងកាត់ចំការមីន និងឆ្លងកាត់ព្រំដែន ដែលមានកងទ័ពជាច្រើន ។ ជាងនេះទៅទៀត, ខ្ញុំបានទុកចោលប្រពន្ធរបស់ខ្ញុំឱ្យនៅកណ្ដោចកណ្តែង ដែលនាងកំពុងមានផ្ទៃពោះនៅឯប្រទេសកម្ពុជា។ ក្រោយមកទៀត នៅឆ្នាំ១៩៩៦, ខ្ញុំបានប្រថុយជីវិត របស់ខ្ញុំម្តងទៀត ដោយបានទៅចរចាដោយផ្ទាល់ និងបញ្ចុះបញ្ចូលកងកំលាំងខ្មែរក្រហមនៅឯមូលដ្ឋាន យោធារបស់ពួកគេ ឱ្យទម្លាក់អាវុធ និងចូលរួមជាមួយរាជរដ្ឋាភិបាលវិញ ក្រោមគោលនយោបាយឈ្នះ-ឈ្នះ ដោយធានានូវអាយុជីវិត, សិទ្ធិកាន់កាប់អចលនទ្រព្យ ឋានៈ និងមុខរបររបស់ពួកគេ។ គោលនយោបាយ ឈ្នះ-ឈ្នះនេះ បានជំរុញឱ្យប្រទេសកម្ពុជាទទួលបាននូវសន្តិភាពពេញលេញនៅឆ្នាំ១៩៩៨។ គោល នយោបាយឈ្នះ-ឈ្នះនេះ ក៏បានអនុញ្ញាតផងដែរ ឱ្យរាជរដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់ទាំងស្រុង ទៅលើការអភិវឌ្ឍជាតិ ខណៈដែលប្រជាជនកម្ពុជាទទួលបាននូវផលប្រយោជន៍ និងកាលានុវត្តភាព នានាពីសន្តិភាព និងការអភិវឌ្ឍ។ កម្ពុជារក្សាបាននូវសន្តិភាពរយៈពេលជាង ២០ឆ្នាំមកហើយ ។ ជាមួយគ្នានេះ, យើងប្តេជ្ញាចិត្តថានឹងបន្តការពារ និងលើកស្ទួយសន្តិភាពបន្ថែមទៀត។ តាមរយៈបទ ពិសោធន៍របស់កម្ពុជា ដែលបានឆ្លងកាត់សង្គ្រាម និងការកសាងសន្តិភាព, ខ្ញុំសូមសង្កត់ធ្ងន់ថា “គ្មាន សន្តិភាព គ្មានក្តីសង្ឃឹម។ គ្មានសន្តិភាព គ្មានការអភិវឌ្ឍ។ គ្មានសន្តិភាព គ្មានការគោរពសិទ្ធិមនុស្ស និង គ្មានលទ្ធិប្រជាធិបតេយ្យ»៕

...


ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print