ខេត្តកំពង់ស្ពឺ៖ ក្រុមចោរប្លន់មួយក្រុម មានគ្នា៣នាក់បានចូលចាប់ម្ចាស់ផ្ទះចងនឹងសរសផ្ទះ ប្លន់យកលុយ៥២ម៉ឺនរៀលនិងម៉ូតូមួយគ្រឿងរួចគេចខ្លួនដោយសុវត្ថិភាណ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១ និង ១៥នាទី យប់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ នៅភូមិភ្នំកូប ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
ជនរងគ្រោះ ឈ្មោះ អំ សឺ ភេទប្រុស អាយុ ៧៥ឆ្នាំ ប្រពន្ធឈ្មោះ សោ វ៉ង់ អាយុ ៧៣ឆ្នាំ ជាកសិករ មានទីលំនៅ ក្នុងភូមិឃុំកើតហេតុខាងលើ។
ជនរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅយប់ថ្ងៃកើតហេតុគាត់ និងគ្រួសារ បានដេកសម្រាកជាធម្មតា។លុះដល់ជាងពាក់កណ្តាលះធ្រាត្រ ស្រាប់តែមានជនមិនស្គាល់អត្តសញ្ញាណ មានគ្នាចំនួន ៣នាក់ បានចូលមកធ្វើសកម្មភាព ចាប់ពួកគាត់ចង ជាប់សរសរផ្ទះ រួចយកកាំបិតភ្ជង់ក មិនឲ្យស្រែក រួចក៏បានយកម៉ូតូ ១គ្រឿង និងប្រាក់ ចំនួន ៥២០ ០០០រៀល (ហាសិបពីរម៉ឺនរៀល) រត់គេចខ្លួនបាត់អស់ទៅ។ ជនរងគ្រោះបានឲ្យដឹងទៀតថាបន្ទាប់ពីក្រុមចោរ ចេញផុត រូបគាត់បានរើរួចពីចំណង ហើយបានស្រែកឲ្យអ្នកភូមិជួយ ក៏ដឹងដល់សមត្ថកិច្ច ចុះមកសួរនាំទាំងយប់។
ក្នុងករណីនេះសមត្ថកិច្ចបានត្រឹមធ្វើកំណត់ហេតុសួរនាំជនរងគ្រោះ ដើម្បីស្រាវជ្រាវតាមរកមុខសញ្ញាខាងលើប៉ុណ្ណោះ ហើយរហូតមកដល់ពេលនេះ សមត្ថកិច្ចនៅមិនទាន់កំណត់មុខសញ្ញាក្រុមចោរប្លន់ទាំងនោះ បាននៅឡើយទេ ដោយគ្រាន់តែបញ្ជាក់យ៉ាងខ្លីថា មិនយូរមិនឆាប់នឹងវែករកមុខឃើញមិនខាន៕