ខេត្តបាត់ដំបង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយរថយន្តកែច្នៃក្រឡាប់ខ្លួនឯង បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ៤នាក់ ក្នុងនោះមាន(ស្រីម្នាក់) របួស០៥នាក់ (ធ្ងន់២នាក់ ស្រាល០៣នាក់)។
ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះកើតឡឡើង នៅវេលាម៉ោង០៨ ព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅត្រង់ចំណុចលើភ្នំព្រឹក ភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក។
បើតាមលោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានរាយការណ៍ ឲ្យដឹងថា មូលហេតុនៃគ្រោះថ្នាក់ខាងលើនេះ បណ្តាលមកពីរថយន្ដកែច្នៃបើកចុះផ្លូវចំណោតហើយដាក់លេខមិនចូលទើបក្រឡាប់ទាំងកំរោលតែម្តង។
ក្រោយមានគ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ សមត្ថកិច្ចបានចុះធ្វើការត្រួតពិនិត្យនិងវាស់វែងនៅកន្លែងកើតហេតុ។ ដោយឡែកសាកសពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណហើយ
នគរបាលជំនាញកំពុងស្រាវជ្រាវរកគ្រួសារដើម្បីប្រគល់សពយកទៅធ្វើបុណ្យតាមប្រពៃណី ។
ចំណែករថយន្តច្នៃយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករង់ចាំដំណោះស្រាយតាមច្បាប់ពេលក្រោយ៕