រុស្ស៊ីបានបញ្ជូនសព្វាវុធទំនើបៗទៅកាន់តំបន់ព្រំដែនជិតប្រទេសអ៊ុយក្រែន ក្នុងនោះមានកាំភ្លើងធំស្វ័យប្រវត្តិបាញ់គ្រាប់២០៣មិល្លីម៉ែត្រ អាចបាញ់គ្រាប់បរមាណូយុទ្ធសាស្ត្រចូលទៅកាន់ទឹកដីអ៊ុយក្រែនបាន។
សារព័ត៌មាន Defense Blog នៅថ្ងៃទី១២ខែកុម្ភៈ បានផ្សាយថា កាំភ្លើងធំស្វ័យប្រវត្តិប្រភេទ 2S7 “Pion” ở Vesela Lopan បានបញ្ជូនទៅឈរជើងនៅចម្ងាយពីព្រំដែនអ៊ុយក្រែនតែ១៧គីឡូម៉ែត្រប៉ុណ្ណោះ ។ កាំភ្លើងធំនេះបានបំពាក់គ្រាប់បរមាណូទំហំ ២០៣ មិល្លីម៉ែត្រ អាចកម្ទេចគោលដៅនៅចម្ងាយ៣៧,៥គីឡូម៉ែត្រ។
ជាមួយគ្នានេះដែរ ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានប្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីនថា លោកខាងលិចនឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ទៅនឹងរាល់សកម្មភាពឈ្លានពានលើអ៊ុយក្រែន ដែលមានតែធ្វើឱ្យរុស្ស៊ីរងការឈឺចាប់ និងកាន់តែឯកោ។
ការព្រមានខាងលើរបស់លោក បៃឌិន ធ្វើឡើងនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទរយៈពេលជាង១ម៉ោង ជាមួយលោកពូទីន កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅនេះ មួយថ្ងៃ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន និងសម្ពន្ធមិត្តព្រមានថា យោធារុស្ស៊ីច្រើនជាង១សែននាក់ដែលកំពុងប្រមូលផ្ដុំនៅក្បែរតំបន់ព្រំដែនអ៊ុយក្រែន អាចបើកការវាយលុកនៅគ្រប់ពេលវេលាទាំងអស់។
ក្រោយជំនួបរវាងលោក បៃឌិន នឹងលោកពូទីន, ទាំងអាមេរិក និងរុស្ស៊ីមិនទាន់អាចបំបែកភាពជាប់គាំងបាននៅឡើយទេ ដោយមានតែការព្រមាន និងការទម្លាក់កំហុសដាក់គ្នាទៅវិញទៅមកតែប៉ុណ្ណោះ។ ឆ្លើយតបទៅនឹងការព្រមានរបស់លោក បៃឌិន វិមានក្រឹមឡាំងឯណោះវិញបានឱ្យដឹងថា លោក ពូទីនបានប្រាប់លោកបៃឌិនថា ទីក្រុងវ៉ាស៊ីនតោនបានបរាជ័យក្នុងការទទួលយកការព្រួយបារម្ភរបស់រុស្ស៊ី ក្នុងនោះរួមមានការសន្យាមិន ទទួលយកអ៊ុយក្រែនជាសមាជិក NATO និងការបញ្ឈប់ការបង្កើនវត្តមានកងទ័ពក្នុងតំបន់អឺរ៉ុបខាងកើតជាដើម។
រុស្ស៊ីនៅតែបដិសេធថា ខ្លួនគ្មានផែនការវាយប្រហារលើប្រទេសណាមួយទេ និងចោទប្រកាន់លោកខាងលិចកំពុងបង្កភាពភ័យខ្លាច ហើយថាការដាក់ពង្រាយកងទ័ពនៅក្បែរតំបន់ព្រំដែនអ៊ុយក្រែន គឺដើម្បីការពារសន្តិសុខរបស់ខ្លួន ប្រឆាំងនឹងឈ្លានពានណាមួយពីសម្ពន្ធមិត្តរបស់ NATO តែប៉ុណ្ណោះ៕ ដោយសាធី