ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុង ប៉ារីសគឺជាការខិតខំប្រឹងប្រែងការពារភពផែនដី

ចែករំលែក៖

កាលពីព្រឹកថ្ងៃទី២២ ខែមេសា គឺជាទិវាភពផែនដី នៅទីតាំងអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉កបានរៀបចំ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីបម្រែបម្រួលអាកាសធាតុ។ ព្រឹត្តិការណ៍ខាងលើមានតំណាងប្រទេស រហូតដល់ទៅ១៧១ជុំវិញពិភពលោកចូល រួម។ បច្ចុប្បន្នអាមេរិកនិងចិនជាប្រទេស ដែលមានការបញ្ចេញឧស្ម័នបំផ្លាញផ្ទះ កញ្ចក់រហូតដល់ទៅ៤០ភាគរយ។

មានប្រសាសន៍នៅក្នុងពិធីចុះហត្ថលេខាអគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន គីមូន បញ្ជាក់ថា កិច្ចព្រមព្រៀង ទីក្រុងប៉ារីសគឺជាដំណាក់កាលប្រវត្តិ សាស្ត្រជាជំហានវិជ្ជមានក្នុងសង្គ្រាមប្រឆាំង ការបម្រែបម្រួលអាកាសធាតុ និងជាវិធីសាស្ត្រល្អបំផុតសម្រាប់យើងជួយស្រោចស្រង់ ភពផែនដី។ ពិធីចុះហត្ថលេខាត្រូវបានចាត់ ទុកថា ជាព្រឹកត្តិការណ៍គួរឲ្យកត់សម្គាល់សម្រាប់វិស័យការបរទេសរបស់ប្រទេសនៅជុំវិញពិភពលោក។

កាលពីឆ្នាំ១៩៩៤ ពិធីចុះហត្ថលេខាស្តីពីច្បាប់ដែនសមុទ្រពេលនោះមានប្រទេស ១១៩ចូលរួម។ នៅក្នុងកិច្ចព្រមព្រៀងទីក្រុង ប៉ារីសលើកនេះមានការចូលរួមពីអាមេរិកនិងចិនគឺជារឿងមួយដ៏ល្អប្រសើរបំផុត ។

មេដឹកនាំកំពូលៗនៃបណ្តាប្រទេស មួយចំនួន ដែលសុទ្ធសឹងជាប្រទេសបញ្ចេញ ឧស្ម័នផ្ទះកញ្ចក់ធំៗនៅលើពិភពលោក រួម មានដូចជា លោកអូបាម៉ា លោកស៊ី ជីនពីង លោកវ៉្លាឌីមៀរ ពូទីន ឬក៏លោកនាយករដ្ឋ មន្រ្តីឥណ្ឌា ណារ៉េនដ្រាម៉ូឌី ជាដើមនោះ មិនមានវត្តមាននៅក្នុងពិធីចុះហត្ថលេខានេះទេ។ សហរដ្ឋអាមេរិកតំណាងដោយលោករដ្ឋមន្រ្តីការបរទេសចន ឃើរី ចំណែក ចិនតំណាងដោយឧបនាយករដ្ឋមន្រ្តី។

លោកស្រីសេហ្គោលែន រ៉ូយ៉ាល់ រដ្ឋ មន្រ្តីក្រសួងបរិស្ថានបារាំង ដែលជាម្ចាស់ ផ្ទះរៀបចំសន្និសីទអាកាសធាតុឆ្នាំ២០១៥ បានលើកឡើងថា អវត្តមានរបស់មេដឹកនាំកំពូលៗនៃប្រទេសប៉ុន្មានខាងលើនេះនឹងមិនធ្វើឲ្យប៉ះពាល់ទៅដល់ប្រសិទ្ធភាពនៃ កិច្ចព្រមព្រៀងអាកាសធាតុនេះទេ។ ផ្ទុយ ទៅវិញ លោកស្រីបានធ្វើការកត់សម្គាល់ ថា នៅក្នុងប្រវត្តិនៃទំនាក់ទំនងអន្តរជាតិ គេមិនដែលឃើញមានកិច្ចព្រមព្រៀងអន្តរជាតិណាមួយ ដែលត្រូវចុះហត្ថលេខា ដោយប្រទេសយ៉ាងច្រើនរហូតដល់ទៅ ១៦៥ ក្នុងថ្ងៃតែមួយបែបនេះទេ។

ទោះជាយ៉ាងណាការចុះហត្ថលេខានេះគ្រាន់តែជាជំហានដំបូងមួយប៉ុណ្ណោះ។ ដើម្បីឲ្យកិច្ចព្រមព្រៀងអាកាសធាតុនេះ អាចចូលជាធរមានបាន ចាំបាច់ត្រូវឲ្យមានការផ្តល់សច្ចាប័នពីសំណាក់ប្រទេសយ៉ាងតិចចំនួន៥៥ដែលមានការបញ្ចេញឧស្ម័នផ្ទះកញ្ចក់យ៉ាងតិច៥៥ភាគរយនៃបរិមាណសរុបនៅទូទាំងពិភពលោក។

គួររំឮកឡើងវិញថា គោលការណ៍ចម្បង នៃកិច្ចព្រមព្រៀងអាកាសធាតុនេះគឺធ្វើយ៉ាង ណាទប់ស្កាត់កុំឲ្យសីតុណ្ហភាពមធ្យមលើភព ផែនដីយើងកើនឡើងលើសពី១,៥អង្សា នៅចុងសតវត្សរ៍ទី២១នេះ ហើយដើម្បីអាច សម្រេចបាននូវគោលដៅនេះគេចាំបាច់ត្រូវ តែចាត់វិធានការកាត់បន្ថយការប្រើប្រាស់ថាមពលផូស៊ីល រួមមានដូចជា ប្រេង និង ធ្យូងថ្មជាដើម ដែលជាប្រភពចម្បងនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់បង្កឲ្យភពផែនដីឡើងកម្តៅ៕

image

ប្រែសម្រួល៖ ម៉ែវ សារធី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print