ខេត្តពោធិ៍សាត់៖ ភ្លៀងធ្លាក់កក់ខែមួយមេធំគួរសមជិត១ម៉ោង លាយឡាំផ្គររន្ទះខ្យល់កន្រ្តាក់ បណ្ដាលឲ្យរងការខូចខាតលំនៅឋានប្រជាពលរដ្ឋចំនួន២៩ខ្នងនៅខេត្តពោធិ៍សាត់ ។
ហេតុការណ៍គ្រោះធម្មជាតិខ្យល់កន្រ្តាក់ ខណៈភ្លៀងធ្លាក់កក់ខែកួចផ្ទះសម្បែង ប្រជាពលរដ្ឋខាងលើនេះ កើតឡើងកាលពីវេលាម៉ោងជាង៦រហូតដល់ម៉ោងជាង៧យប់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ នៅភូមិអង្រ្គងនិងភូមិតាដែស ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
ប្រភពពត៌មានពីអាជ្ញាធរបានឲ្យដឹងថា កាលពីវេលាម៉ោងខាងលើមានភ្លៀងធ្លាក់កក់ខែ១មេធំ គួរសមលាយឡាំដោយផ្គររន្ទះខ្យល់កន្រ្តាក់ បណ្តាលឲ្យខូចខាត់ផ្ទះសុំបែងចំនួន ២៩ខ្នង ក្នុងចំណោមនោះ ភាគច្រើនខ្យល់កួចរបើកដំបូល និងជញ្ជាំង ដោយឡែកខ្លះទៀត លោតចេញពីជើងតាង បណ្តាលអោយផ្ទះទ្រេតខូចខាតយ៉ាងតំណំ ព្រមទាំងខ្យល់កួចសម្ភារប្រើប្រាស់ប៉ើងរប៉ាត់រប៉ាយរងការខូចខាតផងដែរ ហើយក៏មានដួលរលំបាក់ដើមឈើមួយចំនួនទៀត។
ប្រភពខាងលើបន្តថា ទោះបីគ្រោះធម្មជាតិក្នុងហេតុការភ្លៀងធ្លាក់កក់ខែមានភាពកាចសាហាវ កណ្តាលឲ្យរងការខូចខាតផ្ទះសំបែងនិងសម្ភារះប្រើប្រាស់ក្តី ប៉ុន្តែពុំមានរងការគ្រោះថ្នាក់ដល់អាយុជីវិតរឺរងរបួសដល់ប្រជាពលរដ្ឋណាម្នាក់និងសត្វធាតុអីឡើយ។
ប្រភពបន្តទៀតថា បញ្ហាខាងលើនេះ អាជ្ញាធរ ឬសម្ថកិច្ចស្ថាប័នពាក់ព័ន្ធកំពុងធ្វើកំណត់ហេតុ ហើយបានរាយការណ៍ជូនថ្នាក់លើជាបន្តបន្ទាប់ ក្រែងទទួលបានសម្ភារប្រើប្រាស់ពីសប្បុរសធម៌ ។
គួររំលឹកផងដែរថា កាលពីល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ នៅភូមិក្បាលឈើពុក ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ កន្លងទៅថ្មីៗនេះមានករណីខ្យល់ភ្យុះ (កន្រាក់) បណ្តាលឲ្យរងការខូចខាតរបើកដំបូលជញ្ជាំងនិងដួលរៀបផ្ទះប្រជាពលរដ្ឋចំនួន៧ខ្នង ៕
ដោយ៖ ប៉ឹម ពិន