ភ្នំពេញ ៖ ជប៉ុនផ្តល់ថវិកា ៦៦៤,៩៩៤ ដុល្លារអាមេរិក សម្រាប់ការលើកកម្ពស់ការអប់រំបរិយាប័ន្ននៅក្នុងខេត្តកណ្តាល និងការរៀបចំវគ្គសិក្សាអប់រំកាយនៅថ្នាក់សាកលវិទ្យាល័យរយៈពេល៤ឆ្នាំ។ នេះបើយោងតាមផេកផ្លូវការរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ។
ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានបញ្ជាក់ថា, នៅថ្ងៃទី១៤ ខែកុម្ភៈ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ៦៦៤,៩៩៤ ដុល្លារអាមេរិក ដល់អង្គភាពទទួលជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។ ក្នុងនោះ ថវិកា ២៦៦,៤២៨ ដុល្លារអាមេរិក ត្រូវបានផ្តល់ទៅសមាគមសម្រាប់ជំនួយ និងសង្គ្រោះនៃប្រទេសជប៉ុន (AAR Japan) ដើម្បីអនុវត្ត “គម្រោងលើកកម្ពស់ការអប់រំបរិយាប័ន្នសម្រាប់កុមារមានពិការភាពតាមរយៈការពង្រឹងការអនុវត្តក្នុងតំបន់គំរូ និងការអភិវឌ្ឍប្រព័ន្ធវាយតម្លៃការអប់រំបរិយាប័ន្ន (ឆ្នាំទី៣) ហើយ ថវិកា ៣៩៨,៥៦៦ ដុល្លារអាមេរិកទៀត ត្រូវបានផ្តល់ទៅអង្គការក្រៅរដ្ឋាភិបាល បេះដូងមាស ដើម្បីអនុវត្ត “គម្រោងស្តីពីការរៀបចំវគ្គសិក្សាអប់រំកាយនៅថ្នាក់សាកលវិទ្យាល័យរយៈពេល៤ឆ្នាំនៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា (ឆ្នាំទី៣)” ។
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និង អ្នកតំណាងមកពីអង្គការទាំងពីរ បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងនេះ ហើយលោកបានថ្លែងអំណរគុណចំពោះអង្គការទាំងពីរដែលបានចូលរួមក្នុងគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលជប៉ុន។ ខណៈពេលដែលគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការខ្នាតធំ ដូចជាគម្រោងកំពង់ផែស្វយ័តក្រុងព្រះសីហនុ គម្រោងផ្លូវជាតិលេខ៥ និងកម្ចីហិរញ្ញប្បទានចំនួន២០ពាន់លានយេន សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជារឿយៗត្រូវបានផ្តោតសំខាន់នៅលើប្រព័ន្ធផ្សព្វផ្សាយ វានៅតែជាអាទិភាពមួយសម្រាប់រដ្ឋាភិបាលជប៉ុនក្នុងការធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលជប៉ុន ដើម្បីចូលរួមចំណែកក្នុងការកែលម្អគុណភាពជីវិតនៅក្នុងបណ្តាខេត្តនានា។ យើងជឿជាក់ថា ជំនួយឥតសំណងទាំងនេះ នឹងជួយកែលម្អគុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងគម្រោងនីមួយៗ៕