ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២២កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន បានចាប់ផ្តើមហើយ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា តាមទម្រង់ចូលរួមផ្ទាល់ និងតាមប្រព័ន្ធវីដេអូ។
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្រ្តី។
សូមបញ្ជាក់ថា, កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន នឹងពិនិត្យមើលឡើងវិញនូវការសម្រេចនានារបស់ថ្នាក់ដឹកនាំនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងលើកទី៣៩ ធ្វើការផ្លាស់ប្តូរទស្សនៈគ្នាលើមធ្យោបាយដើម្បីពង្រឹងបន្ថែមទៀតទំនាក់ទំនងខាងក្រៅជាមួយដៃគូសន្ទនានានា ខណៈពេល ថែរក្សា និងលើកកម្ពស់មជ្ឈភាព សាមគ្គីភាព និងឯកភាពអាស៊ាន ព្រមទាំងពិភាក្សាគ្នាអំពីរបៀប និងវិធីសាស្រ្ត ដើម្បីកៀរគរកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការកសាងសហគមន៍អាស៊ានមួយដែលកាន់ តែធន់រឹងមាំឡើង ប្រកបដោយថាមពល ពោរពេញដោយសន្តិភាព និងវិបុលភាព។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងជម្រាបជូនអង្គប្រជុំអំពីសមិទ្ធផលសំខាន់ៗ ដែលនឹងត្រូវសម្រេចបានក្នុងអំឡុងពេលភាពជាប្រធានអាស៊ានរបស់កម្ពុជា ក្រោមមូលបទ «អាស៊ាន រួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមជាយុទ្ធសាស្រ្ត ដែលកំពុងកើតឡើងនៅក្នុងតំបន់ រួមមាន ការគ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងដំណើរការស្តារឡើងវិញប្រកបដោយបរិយាប័ន្ន ការប្រកួតប្រជែងភូមិសាស្រ្ត-នយោបាយ បញ្ហាជាប្រពៃណី និងមិនប្រពៃណីដែលមានស្រាប់ និងការពង្រឹងភាពស្អិតរមួត មជ្ឈភាព និងភាពធន់រឹងមាំ របស់អាស៊ាន។
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃបានថ្លែងថា, កាលពីយប់ម្សិលមិញ ខ្ញុំ និងភរិយាបានរៀបចំពិធីទទួលទានអាហារពេលល្ងាចជាកិច្ចស្វាគមន៍ ជូនដល់រដ្ឋមន្ត្រីការបរទេសអាស៊ាន អគ្គលេខាធិការអាស៊ាន និងគណៈប្រតិភូ។
លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា, ខ្ញុំសង្ឃឹមថាភ្ញៀវកិត្តិយសទាំងអស់ពេញចិត្តលើមុខម្ហូប និងភេសជ្ជៈទាំងឡាយ ជាមួយនឹងការកំដរដោយរបាំ និងការសម្តែងបែបប្រពៃណីជាតិខ្មែរ ដែលរៀបចំជាពិសេសជូនគ្រួសារអាស៊ានយើង។ សំខាន់ជាងនេះទៅទៀត សង្ឃឹមថាទាំងអស់គ្នាបានសម្រាកស្រួល ដើម្បីត្រៀមចូលរួមកិច្ចប្រជុំលើកដំបូងដ៏សំខាន់របស់អាស៊ានក្នុងឆ្នាំនេះ៕