អ៊ីជីហ្គាយ៉ា និង ហ្វូជី ៖ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ផេកផ្លូវការ របស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានបង្ហោះថា, នាថ្ងៃទី១៥ និង១៦ ខែកុម្ភៈ ឆ្នាំ២០២២ បន្ថែមលើជំនួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងកងកម្លាំងស្វ័យការពារជប៉ុន លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានដឹកនាំគណៈប្រតិភូអញ្ជើញទស្សនកិច្ចនៅកងពលតូចឆត្រយោងលេខ១ និងសាលាទ័ពជំនាញ FUJI នៃកងស្វ័យការពារជើងគោកជប៉ុន ដើម្បីសិក្សាស្វែងយល់ដកបទពិសោធន៍ ព្រមទាំងលទ្ធភាពក្នងការបង្កើតកិច្ចសហប្រតិបត្តិការ។ ជាមួយគ្នានោះ គណៈប្រតិភូក៏បានអញ្ជើញស្តាប់បទបង្ហាញអំពីអង្គភាព ទស្សនាការសម្តែងលោតឆត្រយោង ការហ្វឹកហ្វឺនបាញ់គ្រាប់ពិតពីរថក្រោះ និងការដាក់តាំងយុទ្ធោបករណ៍ផ្សេងៗផងដែរ។
គួរបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចជាផ្លូវការរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោកកម្ពុជានេះ គឺតបតាមការអញ្ជើញរបស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ខណៈដែលប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ជប៉ុន បានឯកភាពគ្នាប្រារព្ធខួបទី៣០ ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព (PKO) របស់ជប៉ុននៅកម្ពុជា ហើយដែលប្រតិបត្តិការនេះ ជាប្រតិបត្តិការក្រៅប្រទេសលើកទី១ របស់កងកម្លាំងស្វ័យការពារជប៉ុន ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។
សូមបញ្ជាក់ផងដែរថា, ជប៉ុនបានបញ្ជូនយន្តហោះពិសេស មកដឹកប្រតិភូដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក ហ៊ុនម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោក ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន ៕