ភ្នំពេញៈ នៅយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT) បានដឹកនាំគណៈប្រតិភូក្រសួងមួយក្រុម អញ្ជើញចុះត្រួតពិនិត្យការអ៊ុតគំនូសចរាចរលើមហាវិថីចំនួន២ខ្សែគឺ៖ មហាវិថីព្រះសុរាម្រិត និងមហាវិថីព្រះនរោត្តម។ ការអ៊ុតគំនូសចរាចរនេះធ្វើ ឡើងដោយក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន(CRBC) និងក្រុមហ៊ុនកូរ៉េ SIERRA Engineering & Construction (SECC) ដើម្បីធ្វើឲ្យប្រសើរឡើងដល់សុវត្ថិភាពផ្លូវថ្នល់ក្នុងទីក្រុងភ្នំពេញ។ ក្រុមហ៊ុនCRBC នឹងបញ្ចប់ការអ៊ុតគំនូសចរាចរលើមហាវិថីព្រះសីហនុ និងមហាវិថីម៉ៅសេទុង ឯចំណែកក្រុមហ៊ុនSECC នឹងបញ្ចប់ការអ៊ុតគំនូសចរាចរនៅលើមហាវិថីព្រះនរោត្តម។
ក្រុមហ៊ុនទាំងពីរធ្វើការជាមួយក្រសួងដើម្បីផ្តល់សេវារបស់ខ្លួន ដែលជាការរួមចំណែកមួយនៃការទទួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន (Corporate Social Responsibility ) និងដើម្បីបង្ហាញពីសមត្ថភាព និងគុណភាពក្នុងការគូសគំនូសចរាចរក្នុងគោលបំណងចូលរួមដេញថ្លៃលើការគូសគំនូសចរាចរនាពេលអនាគត។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណដល់ក្រុមហ៊ុនទាំងពីរ ដែលបានចូលរួមចំណែកក្នុងការធ្វើឱ្យដងផ្លូវកាន់តែមានសុវត្ថិភាពសម្រាប់អ្នកបើកបរយានយន្ត ៕
សុខ ខេមរា