ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ ពាក់ព័ន្ធករណីបង្ខាំងមនុស្សធ្វើទារុណកម្មយ៉ាងឃោរឃៅ និងជំរិតទារប្រាក់ យោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។
ករណីឃាត់ខ្លួនជនសង្ស័យខាងលេីនេះ បានធ្វេីឡេីងនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ នៅចំណុចមុខកាស៊ីណូណាហ្គាទី២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បេីតាមប្រភពព័ត៌មានពីនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឱ្យដឹងថា ជនជាតិចិនដែលត្រូវឃាត់ខ្លួនមានឈ្មោះ យី សោស៊ែន កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ ត្រូវបានលោក ហន សុខេមរិន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឱ្យចាប់ខ្លួនពាក់ព័ន្ធបទល្មើសលួចមានស្ថានទម្ងន់ទោសដោយសារការធ្វើទារុណកម្ម ឬ អំពើឃោរឃៅ លេីបុរសជនជាតិចិនដូចគ្នា ដែលប្រព្រឹត្តឡេីងនៅចំណុចខុនដូរយីហោ” ភាឡាឡេស “បន្ទប់លេខ២១០៥ ផ្លូវលេខ៣៦៦ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ តាមមាត្រា៣៥៣និង៣៥៩ នៃក្រមព្រហ្មទណ្ឌ។
ក្រោយឃាត់ខ្លួនជនជាប់ចោទ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីអនុវត្តបន្តតាមនីតិវិធី៕ដោយ៖ស តារា