ភ្នំពេញ ៖ នៅយប់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ សារាចរ របស់រាជរដ្ឋាភិបាល លេខ០២ស.រ ស្ដីពីការពង្រឹងការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មីប្រភេទ “អូមីក្រុង” ។
មេរោគកូវីដ-១៩ បំប្លែងថ្មី ប្រភេទ “អូមីក្រុង” (Omicron) ដែលមានកម្រិតឆ្លងរាលដាលលឿន និង សកម្មជាងមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) ត្រូវបានរកឃើញជាលើកដំបូងក្នុងសហគមន៍នៅកម្ពុជា កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ ហើយក្នុងរយៈពេលពីរសប្ដាហ៍ចុងក្រោយនេះ អត្រានៃការឆ្លងរាលដាល ក្នុងសហគមន៍នៃមេរោគប្រភេទ “អូមីក្រុង” មានការកើនឡើងគួរឱ្យកត់សម្គាល់ជាបន្តបន្ទាប់។ ទោះបីជាមាន ការស្រាវជ្រាវបែបវិទ្យាសាស្ត្រជាច្រើន បានបង្ហាញថា មេរោគប្រភេទ “អូមីក្រុង” នេះ “មិនមានកម្រិត គ្រោះថ្នាក់ធ្ងន់ធ្ងរ” ដូចមេរោគប្រភេទដែលតា (Delta) ក៏ដោយ, ប៉ុន្តែ ការបន្តកើនឡើងជាគំហុកនូវចំនួនអ្នក ជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងនេះ នឹងបង្កជាហានិភ័យសម្រាប់ប្រព័ន្ធសុខភាពសាធារណៈនៅកម្ពុជា, ហានិភ័យ ដល់សុខភាពនិងអាយុជីវិតរបស់ប្រជាជន ជាពិសេស អ្នកជំងឺកូវីដ-១៩ ដែលមិនបានទទួលការចាក់វ៉ាក់សាំង កូវីដ-១៩ ដូសមូលដ្ឋាន បានពេញលេញ និងអ្នកជំងឺកូវីដ-១៩ ដែលមានជំងឺប្រចាំកាយគួបផ្សំផ្សេង ឬដែល មានប្រព័ន្ធការពារខ្លួនខ្សោយ ព្រមទាំងអាចបង្កផលប៉ះពាល់ដល់ការបើកដំណើរការសកម្មភាពសេដ្ឋកិច្ច-សង្គម ពេញលេញឡើងវិញលើគ្រប់វិស័យ ដែលបាននិងកំពុងដំណើរការទៅដោយរលូននៅកម្ពុជា។
ក្នុងន័យនេះ, ដើម្បីធានាបាននូវនិរន្តរភាពនៃការបើកដំណើរការសកម្មភាពសេដ្ឋកិច្ច-សង្គមពេញលេញ ឡើងវិញលើគ្រប់វិស័យ និងដើម្បីបន្តធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការ ឆ្លងរាលដាលនៃមេរោគកូវីដ-១៩ពិសេស មេរោគបំប្លែងថ្មី, ប្រភេទអូមីក្រុង ដោយមានការចូលរួមពីអាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធ និងប្រជាជនទូទៅ ប្រកបដោយស្មារតីទទួលខុសត្រូវ ដូចដែលកម្ពុជាធ្លាប់បានអនុវត្ត រហូតឈានទៅបិទបញ្ចប់ប្រកបដោយជោគជ័យនូវព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឆ្នាំ២០២១ ដែលបណ្ដាល មកពីមេរោគកូវីដ-១៩. បំប្លែងថ្មីប្រភេទដែលតា (Delta) នាពេលកន្លងមក, រាជរដ្ឋាភិបាល សូមធ្វើការ ណែនាំដល់គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ គណៈអភិបាលរាជធានី-ខេត្ត និងយន្តការដែលមានការពាក់ព័ន្ធ ក៏ដូចជាលើកទឹកចិត្តដល់ប្រជាជនទូទៅ ឱ្យបន្តយកចិត្តទុកដាក់ក្នុងការពង្រឹងការអនុវត្តវិធានការនានា ដូចខាងក្រោម៖
១-គណៈអភិបាលរាជធានី-ខេត្ត និងយន្តការដែលមានពាក់ព័ន្ធ ត្រូវបន្តពង្រឹងការអនុវត្តវិធានការ សុវត្ថិភាពសុខាភិបាល ក៏ដូចជាបង្កើនការយកចិត្តទុកដាក់ក្នុងការក្រើនរំលឹក អប់រំ និងផ្សព្វផ្សាយឱ្យបានទូលំ ទូលាយដល់សាធារណជន ក្នុងការចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវរបៀបនៃការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ ជាពិសេស ការបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣កុំ ៣ការពារ“ និងវិធានការ សុវត្ថិភាពផ្នែកសុខាភិបាលផ្សេងទៀត ជាអាទិ៍ ការពាក់ម៉ាស់ការរក្សាគម្លាតសុវត្ថិភាព និងការធ្វើអនាម័យជា ប្រចាំ។
២-គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស, គណៈអភិបាល រាជធានី-ខេត្ត និងយន្តការដែលមានពាក់ព័ន្ធ ត្រូវបន្តផ្សព្វផ្សាយអំពីភាពចាំបាច់នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដែលនៅតែត្រូវបានចាត់ទុកថាជាវិធានការគន្លឹះសម្រាប់ប្រយុទ្ធនឹងមេរោគកូវីដ-១៩ ប្រភេទអូមីក្រុងនេះ ហើយ ត្រូវបន្តជំរុញឱ្យប្រជាជននៅក្នុងមូលដ្ឋានមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន ទាំងដូស ជំរុញ ឱ្យបានគ្រប់ៗគ្នា ដើម្បីទប់ស្កាត់ការវិវត្តទៅរកភាពធ្ងន់ធ្ងរ និងការស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩។ ទន្ទឹមនេះ, គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ត្រូវរៀបចំ និងអនុវត្ត ផែនការ ដើម្បីចាប់ផ្តើមចាក់វ៉ាក់សាំងដូសជំរុញដល់ក្រុមកុមារអាយុពី ៥ឆ្នាំ ដល់ក្រោម ១២ឆ្នាំ ឱ្យបានឆាប់ ព្រមទាំងរៀបចំចាប់ផ្តើមអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន ដល់ក្រុមកុមារអាយុចាប់ពី ៣ឆ្នាំ ដល់ក្រោម ៥ឆ្នាំ ឱ្យបានឆាប់ផងដែរ។
៣-ក្រសួង ស្ថាប័នពាក់ព័ន្ធ, គណៈអភិបាលរាជធានី-ខេត្ត និងយន្តការដែលមានការពាក់ព័ន្ធ ត្រូវបន្ត ធ្វើការអប់រំ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សាធារណជន និងបន្តយកចិត្តទុកដាក់ពង្រឹងប្រសិទ្ធភាព នៃការអនុវត្ត “នីតិវិធីប្រតិបត្តិស្តង់ដាសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ” និង គោលការណ៍ណែនាំស្តីពីនីតិវិធីប្រតិបត្តិស្តង់ដាផ្សេងទៀតដែលនៅជាធរមាន សម្រាប់ការបើកដំណើរការ ឡើងវិញនូវសកម្មភាពសង្គម សេដ្ឋកិច្ចតាមវិស័យនីមួយៗ សំដៅធានាបាននូវការទប់ស្កាត់ និងការកាត់បន្ថយ ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩។
៤-យន្តការដែលមានការពាក់ព័ន្ធ ត្រូវបន្តខិតខំស្រាវជ្រាវស្វែងរក ដើម្បីទទួលបាននូវឱសថដែល មានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺកូវីដ-១៩ ទាំងកម្រិតស្រាលនិងមធ្យម ទាំងកម្រិតធ្ងន់ និងត្រូវធានាថា ឱសថមាននៅក្នុងស្តុកគ្រប់គ្រាន់ ដើម្បីឆ្លើយតបបានទាន់ពេលវេលា ព្រមទាំងធានាឱ្យមាននូវការផ្គត់ផ្គង់ និង ចែកចាយឱសថដែលមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺកូវីដ-១៩ឱ្យបានគ្រប់គ្រាន់ និងទូលំទូលាយ ក្នុង តម្លៃសមរម្យ ដល់សាធារណជន។ ទន្ទឹមនេះ, យន្តការដែលមានការពាក់ព័ន្ធ ត្រូវរៀបចំឱ្យមាននូវការណែនាំ ច្បាស់លាស់ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីការប្រើប្រាស់ឱសថព្យាបាលជំងឺកូវីដ-១៩ ដើម្បីធានា បាននូវប្រសិទ្ធភាព និងសុវត្ថិភាពនៃការប្រើប្រាស់ឱសថទាំងនោះ។
៥-លើកទឹកចិត្តដល់ប្រជាជនទូទៅ និងអ្នករៀបចំការជួបជុំមនុស្ស ឬសកម្មភាពសង្គមដទៃទៀត ជាអាទិ៍ កម្មវិធីសាសនា កម្មវិធីប្រពៃណ៏ កម្មវិធីកីឡា ឬកម្មវិធីកំសាន្ត ឱ្យធ្វើការកាត់បន្ថយចំនួនអ្នកចូលរួមក្នុង កម្មវិធីនានាឱ្យនៅកម្រិតអប្បបរមា ដើម្បីធានាបាននូវការអនុវត្តវិធានគម្លាតសុវត្ថិភាពបុគ្គល និងសង្គម ស្របតាមស្ថានភាពជាក់ស្តែងនៃទីតាំងកម្មវិធីនីមួយៗ។ ទន្ទឹមនេះ, អ្នករៀបចំការជួបជុំមនុស្ស ឬសកម្មភាព សង្គមនានា ក៏ដូចជាអ្នកចូលរួមកម្មវិធីទាំងអស់ ត្រូវបានលើកទឹកចិត្តឱ្យប្រើប្រាស់ឧបករណ៍តេស្ដរហ័សរក មេរោគកូវីដ-១៩ និងការត្រួតពិនិត្យលើបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ មុនចូលរួមកម្មវិធីនានា ដើម្បីជាវិធានការ បង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩។
ទទួលបានសារាចរនេះ គ្រប់ក្រសួង-ស្ថាប័ន គណៈប្រចាំការនៃ គ.ប.ក. គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស គណៈអភិបាលរាជធានី-ខេត្ត និងយន្តការដែលមានការពាក់ព័ន្ធផ្សេងទៀត ត្រូវផ្សព្វផ្សាយ និងអនុវត្តឱ្យមាន ប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់៕
ដោយ : សុខ ខេមរា