បញ្ជូនជនសង្ស័យពីរនាក់ទៅតុលាការក្រោយបង្រ្កាបរឹបអូសបានថ្នាំញៀនច្រើនដុំ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ២នាក់ ក្នុងនោះមានស្រីម្នាក់ ប្រុសម្នាក់ ត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យ ប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កសាងសំណុំរឿង បញ្ជូនទៅតុលាការរួចហើយនៅព្រឹកថ្ងៃទី១៨ខែកុម្ភ:នេះ។
លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ដោយមានការសម្របសម្រួលចុះបង្រ្កាបដោយលោក លឹម ប៊ុនសុភ័ក្ត្រ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបន្ទាយមានជ័យ ផងនោះ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១២ថ្ងៃត្រង់ កម្លាំងរបស់លោកបានចុះទៅបង្រ្កាបនៅបន្ទប់លេខ១០២ ក្នុងសណ្ឋាគារ ផេង ចិន្តា ក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយបានឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ ឈ្មោះ អូន ប៊ុនថេត ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិអណ្តូងថ្មមាស សង្កាត់ផ្សារ កណ្តាល ក្រុងប៉ោយប៉ែត ដកហូតបានមាន៖ ១/-ម្សៅក្រាមសថ្លា ២ដុំ, ២/-ទូរស័ព្ទចំនួន ១គ្រឿង ។
លោកស្នងការរង បានបញ្ជាក់ថា ក្រោយពីបានសួរនាំជនសង្ស័យឈ្មោះ អូន ប៊ុនថេត កម្លាំងនគរបាលយើងបានបន្តចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ទៀត ឈ្មោះធៀន ពុទ្ធី ភេទស្រី អាយុ២៣ឆ្នាំ ហើយដកហូតវត្តុតាងមាន៖ ១/-ម្សៅក្រាមសថ្លា ១ដុំ, ២/-ទូរស័ព្ទចំនួន ១គ្រឿង រួមទាំងឧបករណ៍សម្រាប់ជក់ និងថង់សម្រាប់វិចខ្ចប់មួយចំនួន និងសៀវភៅឆ្លងដែនចំនួន២ ។
ក្រោយសាកសួររួចកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាងទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់នៅព្រឹកនេះ៕

...

ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print