ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងជំនួបជាមួយសមាជិក សមាជិកា ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តឧត្តរមានជ័យ លោក ហ៊ុន ម៉ានីបានចែករំលែកជ្រុងមួយនៃគុណវុឌ្ឍសម្រាប់ការដឹកនាំមួយតាមរយៈប្រយោគមួយឃ្លាគឺ “មើលព្រៃទាំងមូល”។ លោក ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក. បានមានប្រសាសន៍ថា “ប្រយោគមួយឃ្លានេះ ក្នុងនាមខ្ញុំផ្ទាល់ក៏កំពុងស្ថិតក្នុងការសិក្សារៀនសូត្រជាប្រចាំដែរ ហើយរៀនសូត្រតាមរយៈការសង្កេតបទពិសោធន៍ និងពុទ្ធិរបស់ថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា ដើម្បីច្នៃប្រឌិតបន្ថែមក្នុងសកម្មភាពការងារប្រចាំថ្ងៃ។ ប្រយោគមួយឃ្លានេះជាទ្រឹស្តីមួយសម្រាប់ការដឹកនាំប្រទេសជាតិ ជាទ្រឹស្តីដែលត្រូវដោះស្រាយបញ្ហាជាក់លាក់ ក្នុងស្ថានភាពជាក់ស្តែង ស្របតាមវិចារវិជ្ជា ដែលមានហេតុ មានផលច្បាស់លាស់ដើម្បីដោះស្រាយរួម និងជាទ្រឹស្តីនៃការដឹកនាំប្រកបដោយភាពទទួលខុសត្រូវខ្ពស់។”
លោកប្រធាន បានផ្សារភ្ជាប់ប្រយោគនេះ ដើម្បីឲ្យសមាជិក សមាជិកាក្នុងអង្គពិធីយកទៅពិចារណា រៀនសូត្របន្ថែមជាមួយបទពិសោធន៍នៃស្ថានភាពសង្គមកម្ពុជាជាក់ស្តែង ជាពិសេសវិធីសាស្ត្រដឹកនាំក្នុងស្ថានភាពដែលប្រទេសជាតិស្ថិតក្នុងការលំបាកដូចជាការរីករាលដាលជំងឺកូវីដ១៩ ឬក្នុងពេលប្រទេសជាតិប្រឈមជាមួយការឈ្លានពាន ក្នុងតំបន់នៃខេត្តឧត្តរមានជ័យផ្ទាល់ និងរំលឹកដល់បទពិសោធន៍នៃការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំកន្លងមកផងដែរ។
តើបងប្អូន យល់ឃើញបែបណាដែរជុំវិញប្រយោគមួយឃ្លានេះ? ៕