ភ្នំពេញ ៖ ពិតជាគួរឱ្យកោតសរសើរនិងមោទកភាពបំផុតចំពោះកីឡាករ ឡេង ណូរ៉ា ធ្លាប់ជាកុមារម្នាក់រស់នៅក្នុងអង្គការ ឥឡូវក្លាយជាកីឡាករតំណាងជាតិ ។ ភាពល្បីរបស់ឡេង ណូរ៉ា ផ្តើមចេញពីការខិតខំប្រឹងប្រែង លត់ដំជីវិតឱ្យឆ្លងកាត់រសជាតិនៃការតស៊ូដើម្បីមានថ្ងៃនេះសម្រាប់អនាគតខ្លួនឯង និងបានលើកមុខមាត់ប្រទេសជាតិ។
សូមជម្រាបជូនថា ឡេង ណូរ៉ា គាត់ជាកូនកំព្រាដែលបានបាត់បង់ឪពុកជាជនជាតិហ្គាណាតាំងពីគេមានអាយុ៦ឆ្នាំ។ ក្រោយមកយុវជនរូបនេះស្ថិតក្នុងបន្ទុកម្តាយដែលមានកូន៤នាក់ មុនពេលម្តាយយកទៅដាក់នៅមណ្ឌលកុមារកំព្រាមួយក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ អ្នករស់នៅជាមួយ ឡេង ណូរ៉ា ក្នុងមណ្ឌលកុមារដូចគ្នាបានត្រេកអរនូវអ្វីដែលឡេង ណូរ៉ា មានថ្ងៃនេះ ស្មើនឹងលើកកិត្តិយសដល់កុមារកំព្រាទាំងអស់គ្នា ។
នៅក្នុងមណ្ឌលកុមារកំព្រាអង្គការនោះ ឡេង ណូរ៉ា ទទួលបានការមេីលថែ រៀនសូត្រ និងផ្តេីមលេងបាល់ទាត់រហូតវិវត្តខ្លួនមកជាប់ក្រុមយុវជន U15 វិសាខា នាឆ្នាំ 2019។ ឡេង ណូរ៉ា ឈ្នះពានមួយចំនួននៅទីនោះដូចជា ពានជេីងឯកវិទ្យាល័យ, Soccer League, ជេីងឯកយុវជន FFC, KMH CUP U18 មុនផ្ទេរទៅព្រៃវែងនៅឆ្នាំ២០២១ និងទេីបត្រឡប់មកក្រុមធំវិសាខាវិញនៅឆ្នាំ២០២២នេះ។
ក្នុងក្រុមជម្រេីសជាតិគេជាប់តាំងពីឈុត U15, U23 និងក្លាយជាកីឡាករក្មេងជាងគេបង្ហាញខ្លួនឱ្យក្រុមធំក្នុងជំនួបតទល់អុីរ៉ាក់ ប្រចាំវគ្គជម្រុះវើលខាប់។
បច្ចុប្បន្នឡេង ណូរ៉ាមានវ័យ១៧ឆ្នាំក្មេងជាងគេទី២ក្នុងក្រុម U23 បន្ទាប់ពីស៊ិន សុវណ្ណមករា។
សូមបញ្ជាក់ថា, ការហ្វឹកហាត់របស់កីឡាករជម្រើសជាតិអាយុក្រោម២៣ឆ្នាំ មានការព្យាយាម អំណត់ ប្រកបដោយ វិន័យ សម្រាប់ត្រៀមយកជ័យជម្នះចំពោះ
ការប្រកួតពានរង្វាន់ AFF U23 Championship 2022 ដែលប្រព្រឹត្តទៅនៅព្រះរាជាណាចក្រកម្ពុជាពីថ្ងៃទី ១៤ ដល់ ២៦ ខែកុម្ភៈ ឆ្នាំ២០២២ “ទាំងអស់គ្នា ដើម្បីកម្ពជា”។
សូមជម្រាបថា សម្រាប់ពូល A កម្ពុជា ទទួលបាន៦ពិន្ទុនាំមុខគេហើយ ខណៈឈ្នះ ២ប្រកួត គឺឈ្នះប្រុ៊យណេ ៦-០ និងឈ្នះហ្វីលីពីន១-0 ហើយនៅខាងមុខនេះត្រូវប្រកួតជាមួយទីម័រខាងកើត៕