ដើម្បីសិក្សាពីជម្រកសត្វព្រៃ, សត្វព្រៃមានដោយកម្រ និងជិតផុតពូជ​ ម៉ាស៊ីនថតស្វ័យប្រវត្តិជាង​ ៥០គ្រឿង​ ត្រូវ​បានដាក់នៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីសិក្សាពីជម្រកសត្វព្រៃដែលមានដោយកម្រ និងជិតផុតពូជ កំពុងរស់នៅកម្ពុជា​ មន្រ្តី​ក្រសួង​បរិស្ថាន​ បានដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិចំនួន ជាង ៥០គ្រឿង​ ដេីម្បីចាំថតសត្វព្រៃនៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល​ កាលពីដើមខែកុម្ភៈនេះ!។​ នេះបេី​យោង​តាមប្រភពព័ត៍មានដែលទេីបទទួលបានពី​ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃសៅរ៍ទី១៩​ ខែកុម្ភៈ​ ឆ្នាំ​២០២២។

ប្រភពដដែលបន្តថា​ ការដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិដើម្បីចាំថត សត្វព្រៃនេះ គឺជាគម្រោង «និរន្តរភាពតំបន់ទេសភាព និង ទេសចរណ៍ធម្មជាតិកម្ពុជា» សហការជាមួយ នាយកដ្ឋាន អភិរក្សតំបន់ការពារធម្មជាតិដីគោក ខាងត្បូងបឹងទន្លេសាប នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិមន្ទីរបរិស្ថានខេត្តពោធិ៍សាត់មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺនិងមន្ទីរបរិស្ថានខេត្តកោះកុង។

ក្រសួង​បរិស្ថាន​ បានឱ្យដឹងទៀតថា​ ការចុះដាក់ម៉ាស៊ីនថតដោយ ស្វ័យប្រវត្តិ ក្នុងឧទ្យានជាតិជួរភ្នំក្រវាញកណ្តាលនេះប្រយោជន៍ ដើម្បី បង្កើនចំណេះដឹងពីវិធីសាស្រ្តសិក្សា និងប្រមូលទិន្នន័យ ជីវៈចម្រុះ តាមរយៈ ម៉ាស៊ីនថតស្វ័យប្រវត្តិដល់ មន្ត្រី ឧទ្យានុរក្សក្នុងគោលបំណងសិក្សាពីប្រភេទទីជម្រកសត្វព្រៃសំខាន់ៗ ។​ បញ្ជាក់ពីវត្តមានប្រភេទសត្វព្រៃមានដោយកម្រ ជិតផុតពូជទទួលរងគ្រោះថ្នាក់របាយនិងភាពសម្បូរបែបនៃប្រភេទសត្វព្រៃក្នុងតំបន់សិក្សា។ជាកម្មវត្ថុនៃការរៀបចំកំណត់ និងបែងចែកតំបន់គ្រប់គ្រង និងផែនការគ្រប់គ្រង ក្នុង ឧទ្យានជាតិ ជួរភ្នំក្រវាញកណ្តាល។

ជាលទ្ធផលក្រោយការដាក់កាលពីអំឡុងថ្ងៃ ទី១០-១៧ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមការងារទាំងបីខេត្ត បានប្រទះឃើញ ដានជើង លាមក គន្លងសត្វព្រៃដូចជា៖ ដំរីអាស៊ី ខ្ទីង ប្រើស្បូវ កែះ ឈ្លូស ជ្រូកព្រៃ ខ្លាពពក ខ្លាឃុំ ជ្រូកព្រុល ពង្រូល ឆ្កែព្រៃ និងប្រភេទសត្វព្រៃសំខាន់ៗមួយចំនួនទៀត នឹងបានដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិ។​ ជាមួយគ្នានេះ​ ក្រុមការងារបរិស្ថានទាំងបីខេត្ត​ បា​នដាក់ម៉ាស៊ីន ថតស្វ័យប្រវត្តិសរុបចំនួន ៥៣គ្រឿង ក្នុង៥២ទីតាំងសិក្សា (Deployment) ក្នុងនោះភូមិសាស្ត្រខេត្តពោធិ៍សាត់ចំនួន ២០គ្រឿង ខេត្តកោះកុង ២៣គ្រឿង និងខេត្តកំពង់ស្ពឺចំនួន ១០គ្រឿង។

គួរបញ្ជាក់ថា ម៉ាស៊ីនថតស្វ័យប្រវត្តិទាំង ៥៣គ្រឿងនេះ​ គ្រោងនឹងប្រមូលត្រលប់មកវិញ នៅក្នុងអំឡុងខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print