ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅលើឡំប្រឺតា មុខហាងកាត់សក់មួយកន្លែងដែលបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១០៧ (ផ្លូវសុកហុក) ទល់មុខហាងកាត់សក់ប៉ារីស ក្នុងសង្កាត់អូរឫស្សី១ ខណ្ឌ៧មករា ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានប្រទះឃើញឡំប្រឺតា ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 1O-5741 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវសុកហុកក្នុងទិសដៅពីជើងទៅត្បូង ។ ខណៈពេលមកដល់ចំណុចកើតហេតុ ស្រាប់តែគាត់បញ្ឃប់ឡំប្រឺតា ហើយបុរសរូបនោះក៏បានប្រះដេកទៅក្រោយ លុះបានមួយសន្ទុះធំក្រោយមកទើបដឹងថាអ្នករត់ឡំប្រឺតា
រូបនេះបានស្លាប់បាត់ទៅហើយ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង ហើយក៏បានទាក់ទងទៅកាន់សមត្ថកិច្ចមូលដ្ឋានដើម្បីមកមកជួយធ្វើអន្តរាគមន៍ ។
ប្រភពដដែលបន្តថា រយៈពេលជិតមួយម៉ោងក្រោយមកទើបភរិយានៃសពជនរងគ្រោះបានទទួលដំណឹង ហើយក៏បានមកដល់ទីតាំងកើតហេតុ រួចបានឱ្យដឹងថា បុរសជាប្តីមានឈ្មោះ នុត សោភា អាយុ៤៤ឆ្នាំ មានទីលំនៅភូមិភ្នំស្រូវ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង មានកូន៤នាក់ ហើយសព្វថ្ងៃប្រកបមុខរបររត់ឡំប្រឺតា និងដេកលើឡំប្រឺតាជារៀងរាល់ថ្ងៃ។
ប្រភពព័ត៌មានពីប្រពន្ធជនរងគ្រោះបានឱ្យដឹងទៀតថា មុនពេលកើតហេតុប្តីរបស់ខ្លួនបានទូរស័ព្ទទៅប្រាប់គាត់ថា «ប្តីមិនស្រួលខ្លួន» តែស្ត្រីជាប្រពន្ធបានប្រាប់វិញថា «ចាំមកផ្ទះស្អែកអូនកោសខ្យល់ឱ្យ»។ ក្រោយពីនិយាយគ្នាចប់ បុរសជាប្តីបានបិទទូរស័ព្ទ ហើយក៏ដេកស្លាប់ភ្លាមៗនៅលើឡំប្រឺតារបស់ខ្លួនតែម្តង។
ស្រ្តីប្រពន្ធបានឱ្យដឹងទៀតថា ប្តីរបស់ខ្លួន គឺមានបញ្ហាជំងឺបេះដូងតាំងពីកុមារមកម្ល៉េះ បូករួមទាំងជំងឺផ្សេងៗប្រចាំកាយទៀត ដូច្នេះទើបសង្ស័យថា គាត់ស្លាប់ដោយសារគាំងបេះដូង។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទៅកាន់សមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យឲ្យចុះមកត្រួតពិនិត្យសពបុរសរងគ្រោះ រួចទើបប្រគល់សពទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យបូជាតាមប្រពៃណី៕
ដោយ៖ ជ្រោយពេជ្រ