ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញដែលមានលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរទាំង១៤ខណ្ឌក្នុងភូមិសាស្ត្ររាជធានីភ្នំពេញបើកការចុះបង្ក្រាបល្បែងសុីសងខុសច្បាប់ដើម្បីសុខសន្តិភាពសាធារណៈជូនប្រជាពលរដ្ឋ។
ជាក់ស្តែង នៅវេលាម៉ោង១៦និង៣០ នាទីរសៀល ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាល
ខណ្ឌប្ញស្សីកែវ ក្រោមការដឹកនាំបញ្ជាពី លោក ឯក ឃុនដឿន ជាប្រធាន និងជាអភិបាលខណ្ឌ បានចុះបង្ក្រាបទីតាំងបើកលេងល្បែងស៉ីសងខុសច្បាប់តាមប្រព័ន្ធអ៉ីនធើណេតមួយកន្លែងនៅក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញដោយកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុសស្រី០៨ នាក់ (ស្រី០៥នាក់) ព្រមទាំងបានដកហូតសម្ភារៈរួមមាន៖ កុំព្យូទ័រ១៧គ្រឿង ម៉ូតូ៥គ្រឿង ម៉ាស៉ីនព្រីនធើរ៣គ្រឿង ទូរទស្សន៍៣គ្រឿង ធុងចាប់រង្វាន់១ និងប្រាក់ ២១០,០០រៀល។
សូមរំលឹកថា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ ក៏បានដាក់ចេញនូវផែនការសំខាន់ៗមួយចំនួនដើម្បីជំរុញដល់ថ្នាក់ដឹកនាំខណ្ឌ-សង្កាត់រួមគ្នាអនុវត្តឱ្យមានប្រសិទ្ធភាព ពិសេសយកចិត្តទុកដាក់លើការស្រាវជ្រាវ និងបង្ក្រាបជាក់ស្ដែងនូវរាល់បទល្មើសល្បែងស៉ីសងគ្រប់ប្រភេទ និងល្បែងអ៉ីនធឺណេតអនឡាញ ដើម្បីធានារក្សាសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងនគរបាលបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដេីម្បីអនុវត្តតាមនីតិវិធីជាបន្ត៕
ដោយ ៖ រ៉ារ៉ា