ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌល កំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានក្រើនរំលឹកដល់ជនរួមជាតិថា, យោងព័ត៌មានជាបន្តបន្ទាប់ស្តីពីការកើនឡើងនូវករណីឆ្លងថ្មី (និងមរណៈភាព ០២ រូប) កាលពីម្សិល ដែលបណ្តាលមកពីវីរុស Omicron ខ្ញុំសូមអំពាវនាវជាថ្មី ដល់លោកតាលោកយាយ អ៊ុំពូមីង បងប្អូន ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយបន្តអនុវត្តនូវវិធាន ០៣កុំ ០៣ការពារ ឲ្យបានខ្ជាប់ខ្ជួន។ លោកបន្តថា, ជាមួយគ្នានេះ ខ្ញុំក៏សូមអំពាវនាវឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវសេចក្តីណែនាំនានា ដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ធ្វើយ៉ាងណា ចូលរួមទប់ស្កាត់ឲ្យមានប្រសិទ្ធិភាពនូវសន្ទុះនៃការឆ្លងថ្មីនេះ។ សហគមន៏យើងមានសុវត្ថិភាព លុះណាតែយើងទាំងអស់គ្នាចូលរួម ដែលរាប់ទាំងការចូលរួមពីសំណាក់យុវជនស្ម័គ្រចិត្តគ្រប់យន្តការ ស្ថាប័ន និងនិន្នាការផងដែរ។
សូមបញ្ជាក់ថា, រហូតដល់ ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៧៣៦នាក់ (ឆ្លងសហគមន៌: ៧៣០ នាំចូល: ៦ នាក់) និងមានជាសះស្បេីយ ២៩៧ នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១២៦៤៨៩ និងចំនួនជាសះស្បេីយសរុបកេីន ១២០៤៦២ នាក់ និង ស្លាប់ថ្មី ២នាក់ (មិនបានចាក់វ៉ាក់សាំង ០នាក់) សរុបស្លាប់ ៣០១៧នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 2841967 ស្មេីនឹង 168163 ក្នុង១លាន នាក់ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ 115។ ដោយឡែក កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០២២
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០២,២៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៩,៧២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៦,២៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១០៨,៥៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់ មាន ៨៩,៩៦% ៕
ដោយ : សុខ ខេមរា