ភ្នំពេញ : ក្នុងនាមខ្ញុំបាទប្រធានអនុគណៈកម្មការឆ្លើយតបបន្ទាន់ និងស្រាវជ្រាវរកបុគ្គលផ្ទុកមេរោគកូវីដ-១៩ សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ សូមមេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះវីរុសកូវីដ១៩ បំប្លែងខ្លួនថ្មី អូមីក្រុង ដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ននេះ។ នេះជាថ្លែងរបស់លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង នគរបាលជាតិ និងជាប្រធានអនុគណៈកម្មការឆ្លើយតបបន្ទាន់ និងស្រាវជ្រាវរកបុគ្គលផ្ទុកមេរោគកូវីដ-១៩ នៅព្រលប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។
លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង នគរបាលជាតិ បានបន្តថា, សូមបន្តចូលរួមអនុវត្តវិធានការ ៣កុំ និង៣ការពារ ឱ្យបានខ្ជាប់ខ្ជួន ពិសេសទទួលយកការចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ៗគ្នា ដើម្បីបង្កើនភាពស៊ាំ និងកាត់ផ្តាច់ចរន្តឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ក៏ដូចជាដើម្បីមនុស្សជាទីស្រឡាញ់របស់យើងទាំងអស់គ្នា។
សូមបញ្ជាក់ថា, រហូតដល់ ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៧៣៦នាក់ (ឆ្លងសហគមន៌: ៧៣០ នាំចូល: ៦ នាក់) និងមានជាសះស្បេីយ ២៩៧ នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១២៦៤៨៩ និងចំនួនជាសះស្បេីយសរុបកេីន ១២០៤៦២ នាក់ និង ស្លាប់ថ្មី ២នាក់ (មិនបានចាក់វ៉ាក់សាំង ០នាក់) សរុបស្លាប់ ៣០១៧នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 2841967 ស្មេីនឹង 168163 ក្នុង១លាន នាក់ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ 115។ ដោយឡែក កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០២២
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០២,២៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៩,៧២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៦,២៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១០៨,៥៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់ មាន ៨៩,៩៦% ៕
ដោយ : សុខ ខេមរា