សន្និសីទសារព័ត៌មាន ស្ដីពី​លទ្ធផល​កិច្ចប្រជុំរវាងគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​នៃ​រដ្ឋសភា ជាមួយ​នឹងក្រសួងអប់រំ យុវជន និង​កីឡា

ចែករំលែក៖

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ប្រធាន​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​នៃ​រដ្ឋសភា ​​​ បានដឹកនាំប្រតិភូគណៈកម្មការទី៧ និង​តំណាង​គណៈកម្មការ​ពាក់ព័ន្ធ ជួប​ប្រជុំ​ជាមួយ លោកបណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី​ក្រសួងអប់រំ យុវជន និង​កីឡា និង​សហការី ដើម្បី​ពិនិត្យ និងតាមដាន «វឌ្ឍនភាព​នៃ​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ ក្នុង និង​ក្រោយវិបត្តិកូវីដ-១៩ »បានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ នៅ វិមានរដ្ឋសភា។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង​កីឡា បានលើកឡើងដោយសង្ខេបនូវ​សកម្មភាព​ជា​​អាទិភាព​​របស់​ក្រសួង​ដើម្បីឆ្លើយតបនឹងចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​ប្រែក្លាយ​ជា​ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង​ប្រាក់​ចំណូលកម្រិត​ខ្ពស់​នៅ ឆ្នាំ២០៥០ រួមមាន​​កម្មវិធី​កំណែទម្រង់ ក្នុងទិសដៅ​ផលិត​ធនធានមនុស្ស ដែល​នឹង​ប្រែក្លាយពីសេដ្ឋកិច្ចផ្អែកលើពលកម្ម ទៅ​ជា​សេដ្ឋកិច្ច​ផ្អែកលើ​សង្គម​ពុទ្ធិ។ នៅឆ្នាំ២០១៣ ក្រសួង​បាន​ដាក់​ចេញ​នូវ​កំណែទម្រង់៨ចំណុច​ និង​បន្ទាប់​ពី​បាន​ទទួល​ទិន្នន័យ​ចេញពីការអនុវត្ត ក្រសួង​បាន​រៀបចំ​ជាកំណែទម្រង់អប់រំផ្អែកលើសសរស្តម្ភចំនួន៥ រួមមាន៖ ១-កម្មវិធីកំណែទម្រង់សាលារៀនគ្រប់កម្រិតសិក្សា ២-កម្មវិធីសាលារៀនជំនាន់ថ្មី ៣-ការលើកកម្ពស់កម្មវិធី អំណាន និងគណិតវិទ្យានៅកម្រិតដំបូង ៤-ការអប់រំ​នៅ​ដំណាក់កាលកូវីដ-១៩ និង​៥-​ការ​លើកកម្ពស់​សមត្ថភាព​ឌីជីថលដល់សិស្សានុសិស្ស​សម្រាប់​សតវត្ស ទី ២១
គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បាន​វាយតម្លៃ​ខ្ពស់​ចំពោះកិច្ចប្រជុំជាមួយក្រសួងអប់រំ យុវជន និងកីឡា ហើយបានចាត់ទុកថាកិច្ចប្រជុំនេះជាវេទិកា ដ៏​មានប្រសិទ្ធ​ភាពមួយក្នុងស្មារតីរួបរួម សហការ និងជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ក្នុង និងក្រោយវិបត្តិកូវីដ-១៩ និងជាឱកាសសម្រាប់សមាជិក សមាជិកានៃរដ្ឋសភា អាច​ពិភាក្សា​ផ្លាស់ប្តូរ​មតិ​យោបល់​ជាធាតុចូលសំខាន់ៗ ដែលក្រសួងអាចយកទៅពិចារណាផងដែរ។ ជាមួយគ្នានេះ គណៈកម្មការទី៧ នឹង​បន្តបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការតាមដាន និងត្រួតពិនិត្យការអនុវត្តការងារ និង​វិធានការ​នានា ដែលបានដាក់ចេញដោយក្រសួងអប់រំ យុវជន និងកីឡា និងចូលរួមសហការក្នុងស្មារតី ដើម្បី​ផល​ប្រយោជន៍​រួម​នៃគុណភាពអប់រំនៅកម្ពុជា និង​ដើម្បីសិស្សានុសិស្ស ទទួលបានការអប់រំប្រកបដោយគុណភាព និង​និរន្តរភាព៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print