ភ្នំពេញ ៖ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នៅវេលាម៉ោង១៧៖៣០នាទីល្ងាច ជនសង្ស័យម្នាក់នេះ ត្រូវកម្លាំងឃាត់ខ្លួន ខណៈកម្លាំងបានដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ នៅចំណុចម្តុំរោងចក្រសាំហាន់ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៧និង៣០នាទីល្ងាច នៅចំណុចផ្លូវ១០៥ ក្រុម៤ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាល ខណ្ឌប្ញស្សីកែវ បានអោយដឹងថា ជនសង្ស័យម្នាក់ ត្រូវកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួន បន្ទាប់ពីសារភាពថា ខ្លួននិងបក្ខពួក២នាក់ទៀត ជិះម៉ូតូដេញវាយប្លន់យកម៉ូតូជនរងគ្រោះនៅតាមផ្លូវ នៃភូមិកោះរការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី១៩ខែកុម្ភៈ ឆ្នាំ២០២២ កន្លងមក។
ជនរងគ្រោះឈ្មោះ ឈឿន ចាន់ថន ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរជាងភ្លើង មានទីលំនៅ ភូមិរកាកោះ សងា្កត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ចំណែក ជនសង្ស័យឈ្មោះ ហៀង សេងហៃ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅស្នាក់នៅ ភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ (មានសារធាតុញៀន) អវិជ្ជមានកូវីដ ។សមត្ថកិច្ចដកហូតវត្ថុតាង ៖ ម៉ូតូចំនួន០១គ្រឿងម៉ាកហុងដាC125សង់ពណ៍ខ្មៅសេរីឆាំ្ន២០១៧ផ្លាកលេខភ្នំពេញ1GM 6794 ។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌប្ញស្សីកែវ បានបញ្ជាក់ថា នៅថ្ងៃ១៩ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង២៣៖០០នាទី ជនរងគ្រោះបានជិះម៉ូតូម្នាក់ឯង នៅតាមផ្លូវភូមិកោះរការ សង្កាត់ព្រៃស ខណ្ឌដង្កោ ស្រាប់តែមានជនសង្ស័យ មានគ្នាបីនាក់ ជិះម៉ូតូមួយគ្រឿងC110 បានយកដុំថ្ម វាយក្បាលជនរងគ្រោះបែកក្បាល រួចលើកម៉ូតូជិះគេចខ្លួនបាត់។ លុះនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅវេលាម៉ោង១៧៖៣០នាទីល្ងាច កំលាំងល្បាតខណ្ឌ+ប៉ុស្តិ៍ ប្រទះឃើញជនសង្ស័យ កំពុងជិះម៉ូតូមានការសង្ស័យបានឃាត់សួរនាំ និងប្រើវិធានការជំនាញ សួរទើបជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិងបក្ខពួក៣នាក់ បានវាយប្លន់ម៉ូតូរបស់ជនរងគ្រោះ ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ទួលសង្កែ១ ចាត់ការតាមនិតិវិធី។
បច្ចុប្បន្នអធិការដ្ឋានខណ្ឌឬស្សីកែវ បានប្រគល់ជនសង្ស័យ អោយអធិការដ្ឋានខណ្ឌដង្កោ ដើម្បីចាត់ការបន្តរតាមនីតិវិធី ច្បាប់៕
ដោយ៖ ជីណា