ភ្នំពេញ ៖ ផេកផ្លូវការ របស់ក្រសួងអប់រំយុវជននិងកីឡា នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, នាថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២២ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី បានអញ្ជើញចូលរួមសន្និសីទកំពូលនៃអង្គការ CONFEMEN លើកទី៥៩ ក្រោមប្រធានបទ ភាសាទី ១ និងភាសាយាន នៅក្នុងប្រទេសជាសមាជិកនៃអង្គការ CONFEMEN។ សន្និសីទកំពូលថ្នាក់រដ្ឋមន្ត្រីដែលរៀបចំ ជារៀងរាល់ពីរឆ្នាំម្តងនេះ ត្រូវបានរៀបចំឡើងនៅទីក្រុងរ៉ាបា ប្រទេសម៉ារ៉ុក ។
សន្និសីទនេះបានជជែកពិភាក្សាពីឧត្តមានុវត្ត និងបញ្ហាប្រឈមផ្សេងៗដែលជួបប្រទះ ក្នុងប្រព័ន្ធអប់រំនៃបណ្តាប្រទេសជាសមាជិក ជាពិសេសប្រទេសដែលប្រើប្រាស់ភាសាបារាំងជាភាសាយាន។ បញ្ហានៃការឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនៃបណ្តាប្រទេសទាំងអស់ក៏ត្រូវបានយកមកពិភាក្សាក្នុងសន្និសីទនេះផងដែរ។ ប្រទេសនីមួយៗត្រូវមានការយកចិត្តទុកដាក់ចំពោះបញ្ហា បច្ចេកទេសផ្ទាល់របស់ខ្លួន ជាពិសេសទៅលើបរិបទ ទំនៀមទម្លាប់ប្រពៃណី និងការបណ្តុះបណ្តាលគ្រូបង្រៀន ដែលមិនអាចយកបទពិសោធន៍របស់ប្រទេសមួយទៅអនុវត្តទាំងស្រុងនៅក្នុងប្រទេសមួយទៀតបាននោះទេ។
នៅក្នុងសន្និសីទនេះ លោកបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានចែករំលែកបទពិសោធន៍របស់កម្ពុជាពាក់ព័ន្ធ បញ្ហាភាសាទី ១ របស់សិស្ស និងភាសាយាន នៅក្នុងបរិបទកម្ពុជា ដែលកម្ពុជាបានប្រើប្រាស់វិធីសាស្ត្រនេះ នៅក្នុងការបង្រៀនដល់ក្រុមកុមារជនជាតិដើមភាគតិច ដើម្បីធ្វើយ៉ាងណាឱ្យពួកគេអាចមានលទ្ធភាពក្នុងការសម្របខ្លួនទៅក្នុងប្រព័ន្ធអប់រំជាតិ តាមរយៈការប្រើប្រាស់ភាសាខ្មែរជាភាសាយាន។
សូមបញ្ជាក់ជូនថាអង្គការ CONFEMEN ជាអង្គការហ្វ្រង់កូហ្វូនចំណាស់មួយ ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៦០ គឺមុនការបង្កើតអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី OIF (បង្កើតនៅថ្ងៃទី ២០ ខែមីនា ឆ្នាំ១៩៧០)។ អង្គការធ្វើការងារពាក់ព័ន្ធនឹងការលើកកម្ពស់វិស័យអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស។ អង្គការដើរតួនាទីក្នុងការសម្របសម្រួលដើម្បីឱ្យប្រទេសជាសមាជិកទាំងអស់អាចផ្លាស់ប្តូរមតិ យោបល់ បទពិសោធន៍ ឧត្តមានុវត្តន៍ និងការជួយគ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងការងារអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស ដែលជាឬសគល់ចាំបាច់ក្នុងពិភពហ្វ្រង់កូហ្វូន។ រហូតមកទល់នឹងពេលបច្ចុប្បន្ននេះ អង្គការមានសមាជិកចំនួន ៤៤ ប្រទេស ដែលនៅអាស៊ី-អាគ្នេយ៍ មានប្រទេសចំនួនបីជាសមាជិកពេញសិទ្ធិនោះគឺ កម្ពុជា ឡាវ និងវៀតណាម។
គោលដៅ និងអ័ក្សយុទ្ធសាស្ត្រ៖ អង្គការ CONFEMEN មានបេសកកម្មសំខាន់ចម្បងចំនួន ៣ គឺ៖ ការផ្តល់ព័ត៌មានរវាងគ្នានឹងគ្នា ការត្រឹះរិះលើប្រធានបទដែលជាប្រយោជន៍រួម និងការពិគ្រោះយោបល់រវាងរដ្ឋមន្ត្រីអប់រំ និងអ្នកជំនាញផ្នែកអប់រំ៕