ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលពីសំណាក់ក្រុមគ្រួសារបន្ទាប់ពីពួកគេប្រទះឃើញម្ដាយរបស់ខ្លួនចងកនឹងដែកផ្ទោងដំបូលផ្ទះដែលសង្ស័យថាគាត់ខឹងនឹងប្ដីដែលស្ដីបន្ទោសរឿងផឹកស្រាស្រវឹង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល
ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតក្នុងភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ស្ត្រីខាងលើមានឈ្មោះយ៉ាន់ សុីណង អាយុ៣៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក។
បើតាមកូនស្រីបង្កើតឈ្មោះវាំង សុីណាត អាយុ១៣ឆ្នាំបានឱ្យដឹងថា មុនពេលកើតហេតុម្ដាយរបស់ខ្លួនបានហូបស្រារហូតដល់ស្រវឹង ហើយក៏បានបោកចានឆ្នាំងធ្លាក់ទៅលើដីឮសូរសំឡេងដល់ ឳពុករបស់ខ្លួនក៏ស្រែកស្ដីបន្ទោសឱ្យបន្តិចបន្តួច រួចគាត់បានដើរចេញទៅផ្ទះពូដែលនៅខាងត្បូងផ្ទះរបស់ខ្លួនចម្ងាយ ១៥០ម៉ែត្របាត់ទៅ។
ប្រភពបន្តថា ពេលនោះម្ដាយរបស់ខ្លួនបានចូលទៅក្នុងផ្ទះម្នាក់ឯងបិទទ្វារដាក់គន្លឹះ រួចបានស្រែកដេញរូបខ្លួនឱ្យទៅតាមឪពុកមកផ្ទះ។ ពេលរូបខ្លួននិងឪពុកត្រឡប់មកវិញស្រាប់តែប្រទះឃើញម្ដាយចងកសម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើលពេញភូមិតែម្ដង។
តាមអ្នកភូមិបានឱ្យដឹងថា នាពេលកន្លងមកស្ត្រីរូបនេះធ្លាប់ប៉ុនប៉ងចងកសម្លាប់ខ្លួនជាច្រើនលើករួចមកហើយតែត្រូវបានក្រុមគ្រួសារជួយសង្គ្រោះទាន់ពេល ប៉ុន្តែលើកនេះអកុសលមិនអាចសង្គ្រោះជីវិតបាននោះទេ។
តាមសមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីឈ្មោះយ៉ាន់ សុីណងពិតជាបានសម្លាប់ខ្លួនដោយយកខ្សែអង្រឹងចងកជាប់នឹងដែកផ្ទោងដំបូលផ្ទះប្រាកដមែន ដោយមិនមានស្លាកស្នាមអ្វីដែលសម្គាល់ថាជារឿងឃាតកម្មនោះទេ។
ក្រោយពីពិនិត្យសពរួចសមត្ថកិច្ចបានធ្វើកំណត់ហេតុនិងប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ យឹម សុថាន