ភ្នំពេញ÷នៅវេលាម៉ោង១៥ រសៀលថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២គណៈប្រតិភូជាន់ខ្ពស់នៃប្រទេសម៉ាឡេស៊ី ដឹកនាំដោយលោកដាតុ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី បានចូលជួបសម្តែងការគួរសមនិងធ្វើសវនាការជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិនប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានៅវិមានរដ្ឋសភាក្នុងឱកាសឯកឧត្តមដឹកនាំគណប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនិងជាមិត្តភាពនៅកម្ពុជា។
ក្នុងនាមប្រជាជនកម្ពុជា សម្តេចប្រធានរដ្ឋសភាបានអរគុណដល់រដ្ឋាភិបាល និងប្រជាជនម៉ាឡេស៊ី ដែលបានរួមចំណែកស្វែងរកសន្តិភាព ស្តារ និងកសាងកម្ពុជាឡើងវិញ តាមររយៈបេសកកម្មអង្គការសហប្រជាជាតិ កាលពីជាង ៣ទសវត្សរ៍មុន ហើយនៅបន្តផ្តល់ជំនួយអភិវឌ្ឍដល់កម្ពុជារហូតបច្ចុប្បន្ន។
សម្តេចប្រធានរដ្ឋសភាបានអបអរសាទរ ចំពោះសមិទ្ធផលដ៏ធំធេងដែលរដ្ឋាភិបាល និងប្រជាជនម៉ាឡេស៊ី សម្រេចបាន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយភាពទំនើប និងស៊ីវិល័យ ។ទន្ទឹមនិងនេះដែរសម្តេចមានសេចក្តីរីករាយក្រៃលែងដោយ សងេ្កតឃើញថា រដ្ឋាភិបាលទាំងពីរមានកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយគ្នា ក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ ពិសេសក្នុងក្រខណ្ឌអាស៊ាន។
សម្តេចអគ្គមហាពញាចក្រី ហេងសំរិន ប្រធានរដ្ឋសភាបានវាយតំលៃខ្ពស់ចំពោះ រដ្ឋាភិបាល ប្រទេសទាំងពីរ ដែលបានបង្កើតកិច្ចព្រមព្រៀងនិងអនុស្សរណៈនានា ជាមួយគ្នា សំដៅត្រួសត្រាយឱ្យមានយន្តការគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកាតំបន់ និងអន្តរជាតិ។សម្តេចបានលើកទឹកចិត្តដល់ រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ នឹងបន្តយកចិត្តទុកដាក់ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរបន្ថែមទៀត ជាពិសេសលើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការអប់រំជាដើម ក្រោយវិបត្តិជម្ងឺកូវីដ-១៩ មានការធូស្បើយ។
នៅក្នុងជំនួបនេះដែរសម្តេចប្រធានរដ្ឋសភាបានអរគុណម៉ាឡេស៊ី ដែលបានជួយបណ្តុះបណ្តាលធនធានមនុស្សដល់កម្ពុជា។ ជាមួយគ្នានេះសម្តេចបានស្នើសុំឱ្យរដ្ឋាភិបាលម៉ាឡេស៊ី ពិនិត្យលទ្ធភាព បន្តជួយបណ្តុះបណ្តាលធនធានមនុស្សបន្ថែមទៀត ដល់មន្រ្តីរាជការ និងនិស្សិតកម្ពុជា ដើម្បីជាការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ។
សម្តេចអគ្គមហាពញាចក្រីហេងសំរិនបានមានប្រសាសន៍ទៀតថា សម្រាប់ ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ក៏បានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងច្រើនផងដែរ តាមរយៈការគាំទ្រគ្នាទៅវិញទៅមក ក្នុងវេទិកាអន្តរសភាតំបន់ និងសកលលោក មានជាអាទិ៍ៈ អន្តរសភាអាស៊ាន (អាយប៉ា) និងសហភាពអន្តរសភា(អាយភីយូ)។
លោកនាយករដ្ឋមន្ត្រីអ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប បានជម្រាប សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ពីលទ្ឋផលនៃជំនួបពិភាក្សាការងារទ្វេភាគីជាមួយសម្តេចតេជោនាយករដ្ឋមន្រ្តី នៅក្នុងការពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកវិទ្យា។
លោកនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះ សម្តេចប្រធានរដ្ឋសភា ដែលបានជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទាំងពីរតាមរយៈក្រុមមិត្តភាពសភាកម្ពុជា-ម៉ាឡេស៊ី។ នៅចុងបញ្ចប់នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ីបានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភាដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី តាមពេលវេលាសមស្របណាមួយ៕