សមាគមបាល់ទាត់ប៉ូឡូញ (PZPN) កាលពីថ្ងៃពុធបានស្វែងរកភាពច្បាស់លាស់ពីស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA ក្នុងការប្រកួតជម្រុះ World Cup វគ្គ Playoff ជាមួយក្រុមជម្រើសជាតិជាមួយរុស្ស៊ីនៅទីក្រុងមូស្គូខែក្រោយ បន្ទាប់ពីរុស្ស៊ីបានបញ្ជាឱ្យកងទ័ពចូលទៅក្នុងតំបន់ដាច់ចេញពីអ៊ុយក្រែន។
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានផ្តល់ការទទួលស្គាល់ជាផ្លូវការដល់តំបន់បំបែកខ្លួន២នៅភាគខាងកើតអ៊ុយក្រែនកាលពីថ្ងៃចន្ទ ដែលបង្កឱ្យមានការថ្កោលទោសពីប្រទេសលោកខាងលិច និងជំរុញឱ្យមានការព្រួយបារម្ភចំពោះការប្រឈមមុខដាក់គ្នាផ្នែកយោធានៅក្នុងតំបន់។សមាគមបាល់ទាត់ប៉ូឡូញបានចេញសេចក្តីថ្លែងការណ៍មួយថា “សហព័ន្ធបាល់ទាត់ប៉ូឡូញបានស្នើសុំឱ្យ FIFA បំភ្លឺជាបន្ទាន់នូវបញ្ហាទាក់ទងនឹងការរៀបចំការប្រកួត ដោយខ្លួនសង្ឃឹមថានឹងផ្តល់ឱ្យកីឡាករនូវលក្ខខណ្ឌដ៏ល្អប្រសើរដើម្បីរៀបចំ និងប្រកួតអន្តរជាតិ។សមាគមបាល់ទាត់ប៉ូឡូញបានទទួលស្គាល់ថា ការសម្រេចចិត្តនយោបាយក៏ដូចជាការដាក់ទណ្ឌកម្មដែលអាចកើតមានប្រឆាំងនឹងរុស្ស៊ី នៅតែជាការទទួលខុសត្រូវរបស់អាជ្ញាធររដ្ឋ និងស្ថាប័នអន្តរជាតិ។ទោះជាយ៉ាងណាក៏ដោយ ដោយដឹងពីការគំរាមកំហែងដែលអាចកើតមានទាក់ទងនឹងស្ថានភាពបច្ចុប្បន្នសមាគមកំពុងរង់ចាំទីតាំងរបស់អាជ្ញាធរសហព័ន្ធពិភពលោក។ បញ្ហានេះក៏មានការព្រួយបារម្ភផងដែរចំពោះស៊ុយអែត និងសាធារណរដ្ឋឆេក ដែលអាចប្រកួតជាមួយក្រុមជម្រើសជាតិរុស្ស៊ីក្នុងទីក្រុងម៉ូស្គូក្នុងវគ្គផ្ដាច់ព្រ័ត្រវគ្គ Playoff ដែរ។
សូមបញ្ជាក់ថា ការប្រកួតជម្រុះរវាងក្រុមរុស្ស៊ីនឹងប៉ូឡូញដើម្បីទទួលបានកៅអីមួយក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំនេះនៅប្រទេសកាតាគ្រោងធ្វើនៅថ្ងៃទី២៤ ខែមីនាខាងមុខ ៕ (រូបភាព ៖ Reuters/CNA)