ពិធីប្រចាំដប់ពីរខែ (តពីភាគមុន)

ចែករំលែក៖

(តពីលេខមុន)
# ចូលឆ្នាំថ្មី :
ខ្មែរនិយមធ្វើបុណ្យចូលឆ្នាំថ្មីនៅក្នុងខែចែត្រ។ តាមពិតខ្មែរចូលឆ្នាំជាពីរលើក លើកទី១គិតតាមដំណើរព្រះចន្ទនិងការផ្លាស់ឈ្មោះសត្វប្រចាំឆ្នាំ ចូលលើកទី ២ គឺគិតតាមដំណើរព្រះអាទិត្យហើយដែលគេសម្គាល់ថាចូលឆ្នាំជាសាមញ្ញ ឬរបស់ពលរដ្ឋ។ ដូច្នេះហើយបានជាការចូលឆ្នាំលើកដំបូងត្រូវធ្វើនៅក្នុងថ្ងៃទី ១ នៃខែចេត្រ ឯចូលឆ្នាំលើកទី ២ វិញនោះមិនសូវទៀងទាត់ទេជួនកាលត្រូវលើថ្ងៃ ១៣ ជូនការត្រូវលើថ្ងៃ១៤ ខែមេសា ប៉ុន្តែច្រើនតែត្រូវលើថ្ងៃ១៣ ជារឿយឬជាង។ នៅចន្លោះពេលពីថ្ងៃចូលឆ្នាំលើកទី១ ទៅថ្ងៃចូលឆ្នាំលើកទី ២ តែងតែមានពេលយូរឬឆាប់តាមកាល:ទេស:។
ហេតុដូច្នេះបានជាការក្នុងឆ្នាំ ១៩៤៩ នៅពេលដែលឆ្នាំជូត(កណ្ដុរ)កន្លងផុតទៅហើយត្រូវឆ្នាំឆ្លូវ(គោ)ចរចូលមកនៅថ្ងៃទី ១ ខែចេត្រដែលត្រូវនឹងថ្ងៃទី ៣០មីនា ។ ប៉ុន្តែនៅពេលនោះចំណែកខាងប្រក្រតិទិនប្រជាពលរដ្ឋចុល្លសករាជ ១៣១១ និងពុទ្ធសករាជ ២៤៩២ មិនទាន់ ផ្លាស់នៅឡើយទេ ទាល់តែដល់ថ្ងៃទី ១៤ មេសា ដែលត្រូវនឹងថ្ងៃ ១៥ កើតខែចេត្រទើបផ្លាស់ជាស្ថាពរ។
សព្វថ្ងៃនេះអ្នកស្រុកនិយមធ្វើបុណ្យចូលឆ្នាំជាឧឡារឹកតែនៅពេលចូលឆ្នាំលើកទីពីរនេះទេហើយបុណ្យនេះត្រូវធ្វើចំនួនបីឬបួនថ្ងៃតាមការកំណត់របស់ក្រុមហោរាសាស្ត្រនៃព្រះបរមរាជវាំងប៉ុន្តែបុណ្យពូនភ្នំខ្សាច់ដែលជាបុណ្យមួយសំខាន់ជាងគេ គេអាចចាប់ធ្វើបានតាំងតែពីដើមខែចេត្ររហូតរៀងមក។ ឯភ្នំខ្សាច់នោះ គេធ្វើឡើងជាតំណាងមហាបពិតនៃលោកធាតុប្រចាំប្រទេសឥណ្ឌា គឺភ្នំខ្សាច់ធំកណ្ដាលជាតំណាង ភ្នំ សុមេរុរាជដែលទុកជាស្នូលឬជាគោលនៃពិភពលោក ហើយភ្នំខ្សាច់ឯទៀតៗ ដែលព័ទ្ធជុំវិញភ្នំខ្សាច់កណ្ដាលគ្រប់ទិសានុទិសនោះជាតំណាងភ្នំសត្តបរិភណ្ឌដែលព័ទ្ធព័ន្ធជាបរិវានៃភ្នំសុមេរុរាជ។ ប៉ុន្តែមតិអ្នកប្រាជ្ញយល់ថា ភ្នំនៅកណ្ដាលជាតំណាងព្រះចូឡាមណីចេតិយដែលតម្កល់ទុកនីបព្រះកេសាព្រះពុទ្ធអង្គកាលទ្រង់ចេញចាកជីវភាពក្សត្រដើម្បីសាងព្រះផ្នូសនោះទៅវិញទេ។ក្រៅអំពីទំនៀមពូនភ្នំខ្សាច់មានទំនៀមឯទៀតជាច្រើនដែលមានការយល់នឹងសេចក្តីអធិប្បាយចេះតែខុសគ្នាដូច្នេះ រហូតដល់ទៅមានជំនឿផ្នែកខាងប្រជារាស្រ្តថែមទាំងមាននិទានជារឿងរ៉ាវប្រារព្ធទៀតផងថាគ្រាប់ដីខ្សាច់ ១ គ្រាប់ ១ គ្រាប់ដែលចាក់ពូនជាភ្នំនោះអាចផ្ដល់អានិសង្ឃដល់អ្នកដែលពូនឲ្យនានរូចរំដោះចាកបាបគ្រោះទៀតផង។
ភ្នំខ្សាច់នោះមានធ្វើរាជវ័តិព័ទ្ធជុំវិញហើយមានធ្វើទ្វារចេញឆ្ពោះទៅរកទិសទាំងបួនផង។ នៅពីខាងក្រៅរាជវ័តិមានធ្វើរានទេវតាគ្រប់ទិស និងអនុទិស ៨ សម្រាប់បូជាដល់ទេពនិករដែលស្ថិតនៅតំបន់នោះ។ ក្រៅពីរានទិសទាំង ៨ មានរានមួយផ្សេងទៀតនៅទិសខាងកើតសម្រាប់បូជាដល់ព្រះយមរាជ(ស្ដេចនរក)។
(នៅមានត)
ស្រាវជ្រាវនិងកែសម្រួលដោយ÷ ចៅតាជេត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print