ខេត្តកំពង់ឆ្នាំង៖ ជាងរៀបចំបណ្តាញអគ្គិសនីម្នាក់បានស្លាប់នៅពេលដែលបញ្ជូនទៅដល់មន្ទីរពេទ្យ បន្ទាប់ពីជាងអគ្គិសនីម្នាក់នេះបានតភ្លើងតម្លើងម៉ាស៊ីនត្រជាក់នៅក្នុងហាងខារ៉ាអូខេយីហោ អេលីត ដែលជាហាងខារ៉ាអូខេថ្មីទើបនឹងបើកថ្មីនៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។ ហេតុការណ៍ឆក់ជាងអគ្គិសនីនេះ បានកើតឡើងកាលពីវេលាម៉ោងជាង៨ព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ ។
សមត្ថកិច្ចនគរបាលក្រុងងកំពង់ឆ្នាំង បុរសដែលត្រូវឆក់ខ្សែភ្លើងស្លាប់នេះ ឈ្មោះ ពុំ ភូ អាយុ២៩ឆ្នាំ មានទីលំនៅភូមិកណ្តាញ់ ឃុំបន្ទាយមាស ស្រុកបន្ទាយមាស ខេត្តកំពត មកស្នាក់នៅធ្វើការជាមេជាងភ្លើងនៅក្នុងហាងខារ៉ាអូខេអេលីត ។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ បានឡើងទៅលើពិតានដើម្បីរៀបចំតបណ្តាញអគ្គិសនី ដើម្បីរៀបប្រព័ន្ធភ្លើងម៉ាស៊ីនត្រជាក់ នៅក្នុងពេលរៀបប្រព័ន្ធអគ្គិសនីនេះ គឺរៀបមានគ្នា២នាក់ ពេលជនរងគ្រោះឡើងទៅក៏ស្រាប់ប៉ះនឹងខ្សែភ្លើងមួយដុំ ពុំទាន់មានរុំស្កុតតំណរ បណ្តាលឆ្លងចរន្តប៉ះទៅនឹងដែកពិដាន ធ្វើឲ្យជនរងគ្រោះឆក់ប្រកាច់ភ្លាមៗតែម្តង នៅពេលនោះបុរសម្នាក់ដែលនៅខាងក្រោមបានរត់ទៅបិតបារ៉ែតភ្លើង ហើយឡើងទៅយកជនរងគ្រោះក៏ឃើញមានសភាពស្លេកស្លាំងបាត់ទៅហើយ ឃើញដូចនេះក៏នាំគ្នាដឹកមកសង្រ្គោះនៅមន្ទីរពេទ្យខេត្ត ប៉ុន្តែនៅពេលមកដល់ត្រូវបានគ្រូពេទ្យប្រាប់ថា ជនគ្រោះបានស្លាប់បាត់ទៅហើយ ។
សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង បានបញ្ជាក់ថា ករណីពិតជាស្លាប់ដោយសារខ្សែ ភ្លើងឆក់ពិតប្រាកដមែន ដោយសារខ្វះការប្រុងប្រយ័ត្នរបស់ជនរងគ្រោះ ។ ក្រោយពីពិនិត្យសាកសពហើយសមត្ថកិច្ចបានប្រគល់ទៅឲ្យក្រុមគ្រួសារនិងម្ចាស់ងហាងខារ៉ាអូខេដើម្បីយកទៅធ្វើបុណ្យនៅស្រុកកំណើត ៕
ដោយ៖ ចន្ថា