ប្រធានាធិបតីវៀតណាមបំពេញទស្សនកិច្ចនៅសិង្ហបុរីដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី

ចែករំលែក៖

ឆ្លើយតបតាមការអញ្ជើញរបស់ប្រធានាធិបតីសាធារណរដ្ឋសិង្ហបុរី លោក Halimah Yacob ប្រធានាធិបតីវៀតណាមលោក ង្វៀង សឹង ភុក និងភរិយា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចទៅកាន់ប្រទេសសិង្ហបុរីចាប់ពីថ្ងៃទី២៤ខែកុម្ភៈដល់ថ្ងៃទី ២៦ខែកុម្ភៈឆ្នាំ២០២២។ ប្រធានាធិបតីវៀតណាម លោក Nguyen Xuan Phuc នឹងជួបពិភាក្សាជាមួយប្រធានាធិបតីលោក Halimah Yacob ព្រមទាំងនាយករដ្ឋមន្ត្រី Lee Hsien Loong និងទេសរដ្ឋមន្ត្រី Goh Chok Tong ប្រធានរដ្ឋសភា Tan Chuan-Jin និងសមាជិកសភាសិង្ហបុរីក្នុងអំឡុងដំណើរទស្សនកិច្ចនោះ។ អមដំណើរទស្សនកិច្ចនៅសិង្ហបុរីជាមួយប្រធានាធិបតី Nguyen Xuan Phuc និងភរិយា មានរដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់ និងគណៈប្រតិភូធុរកិច្ច ប្រធានក្រុមហ៊ុនមួយចំនួន។ ពិធីទទួលបដិសណ្ឋារកិច្ចប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc នឹងប្រព្រឹត្តទៅនៅវិមានប្រធានាធិបតី Istana នាថ្ងៃទី ២៥ ខែកុម្ភៈ។ បន្ទាប់ពីនោះ ប្រធានាធិបតីវៀតណាមនឹងជួបជាមួយប្រធានាធិបតី Halimah Yacob។ ប្រធានាធិបតីសិង្ហបុរីក៏នឹងរៀបចំពិធីជប់លៀងទទួលស្វាគមន៍ប្រធានាធិបតីវៀតណាមនៅល្ងាចថ្ងៃដដែល។ ជាមួយគ្នានេះ ប្រធានាធិបតីវៀតណាម លោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong នឹងធ្វើជាសាក្សីរួមគ្នា ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីដែលយោងទៅតាម MFA “នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការពហុភាគីរវាងសិង្ហបុរី នឹងវៀតណាម”។ លោក Nguyen Xuan Phuc ក៏នឹងថ្លែងសុន្ទរកថា នៅក្នុងកិច្ចសន្ទនាធុរកិច្ចរវាងក្រុមហ៊ុនសិង្ហបុរី-វៀតណាម ដែលរៀបចំដោយសហព័ន្ធធុរកិច្ចសិង្ហបុរី និងស្ថានទូតវៀតណាមប្រចាំនៅសិង្ហបុរី។ ប្រធានាធិបតីវៀតណាមក៏នឹងជួបជាមួយលោកទេសរដ្ឋមន្ត្រី Goh Chok Tong និងធ្វើទស្សនកិច្ចនៅ Sembcorp Tengeh Floating Solar Farm នៅថ្ងៃទី២៦ ខែកុម្ភៈ មុនពេលចាកចេញពីប្រទេសសិង្ហបុរី។ ក្រសួងការបរទេសសិង្ហបុរីបានវាយតម្លៃថា៖ “ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc គឺជាការបញ្ជាក់ជាថ្មីឡើងវិញនូវទំនាក់ទំនងដ៏ល្អប្រសើររវាងសិង្ហបុរី នឹងវៀតណាម ខណៈដែលប្រទេសទាំងពីរកំពុងរៀបចំដើម្បីអបអរសាទរខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូត និងអបអរសាទរខួបលើកទី១០ នៃការបង្កើតយុទ្ធសាស្ត្រភាពជាដៃគូនៅឆ្នាំ២០២៣”។ ភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-សិង្ហបុរី បានអភិវឌ្ឍជាវិជ្ជមានក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ នៅក្នុងបរិបទនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ភាគីទាំងពីរនៅតែរក្សាការផ្លាស់ប្តូរគណៈប្រតិភូ សំបុត្រ អុីមែ៉ល សួរសុខទុក្ខ ទំនាក់ទំនងគ្រប់កម្រិត បង្កើនកិច្ចសហប្រតិបត្តិការជាមួយបក្ស រដ្ឋាភិបាល រដ្ឋ និងរដ្ឋសភាត្រូវបានពង្រីកជាបន្តបន្ទាប់។ ភាគីទាំងពីរជំរុញយន្តការសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព (ជាពិសេសកិច្ចប្រជុំពិគ្រោះយោបល់នយោបាយប្រចាំឆ្នាំនៅថ្នាក់អនុរដ្ឋមន្ត្រីការបរទេស)។ អំពីទំនាក់ទំនងពាណិជ្ជកម្មវិញ បើទោះបីរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ-១៩ ក៏ដោយ ក៏ទំហំពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរនៅតែកើនដល់៨,៣ពាន់លានដុល្លារក្នុងឆ្នាំ២០២១ កើនឡើង២៣,៣% បើធៀបនឹងឆ្នាំ ២០២០។ ក្នុងខែមករា ឆ្នាំ ២០២២ ចំណូលនាំចូល និងនាំចេញសរុបបានឈានដល់ ៧៨៣.៩លានដុល្លារអាមេរិក កើនឡើង៦.៨% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១៕ ដោយធីរីណា

...

រូបថត៖vietnamnet.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print