ខេត្តព្រះសីហនុ៖ រថភ្លើង១គ្រឿង ជារបស់ក្រុមហ៊ុន ROYAL RAILWAY បានឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចនគរបាលជំនាញពន្លត់អគ្គិភ័យដែលកំពុងដេកលង់លក់នាំគ្នាទៅជួយធ្វេីអន្តរគមន៍បាញ់ពន្លត់ ខណៈដែលរថភ្លើងពីរគ្រឿង បើកជៀសគ្នា ហេីយរថភ្លើងមួយគ្រឿងអ្នកបេីកបរជាន់ហ្វ្រាំងបង្ខំ បណ្ដាលឱ្យចរន្តអគ្គិសនីឆេះតែម្តង។
បេីតាមការបញ្ជាក់ពីអធិការនគរបាលស្រុកព្រៃនប់ លោកវរសេនីយ៍ទោ អ៊ួង វុទ្ធី បានឱ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២នេះថា៖ ហេតុការណ៍ខាងលេីនេះ បានកេីតឡេីងកាលពីវេលាម៉ោង៣ និង១០នាទីទៀបភ្លឺថ្ងៃទី២៥ កុម្ភៈនេះ នៅចំណុចលើផ្លូវរថភ្លើង ស្ថិតក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
លោកវរសេនីយ៍ទោ អ៊ួង វុទ្ធី បានឱ្យដឹងទៀតថា រថភ្លើង១គ្រឿង ដែលត្រូវអគ្គិភ័យឆាបឆេះខាងលើ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ROYAL RAILWAY ប្រភេទ BB-1061 ដឹកប្រេងម៉ាស៊ូត មានទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ បើកបរដោយឈ្មោះ អ៊ួន លិនវីន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរបើកបររថភ្លើង មានទីលំនៅភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
លោកអធិការនគរបាលស្រុកព្រៃនប់ បានបន្តថា ដោយយោងតាមការបំភ្លឺរបស់អ្នកបើកបររថភ្លើងឈ្មោះ អ៊ួន លិនវីន បាននិយាយថា៖ នៅមុនពេលកើតហេតុ រូបគាត់បានបើកបរធ្វើដំណើរក្នុងទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ លុះមកដល់ចំណុចរ៉ារថភ្លើងវាលរេញ ក៏បានចៀសរថភ្លើងមួយខ្សែទៀត ដែលមានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ ក្រោយពីចៀសគ្នារួច គាត់ក៏បើកររថភ្លើងបន្តដំណើរទៅមុខបានបន្តិច និងបានជាន់ហ្វ្រាំងបង្ខំ ស្រាប់តែឆ្លងចរន្ដអគ្គិសនី បង្កជាអគ្គីភ័យឆាបឆេះក្បាលរថភ្លើងតែម្តង ។ ភ្លាមនោះគាត់ក៏បានរាយការណ៍ទៅសមត្ថកិច្ចដើម្បីឱ្យចុះមកជួយអន្តរាគមន៍បាញ់រហូតរលត់ទៅវិញ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាន១គ្រឿង បាញ់ទឹកពន្លត់អស់ចំនួន១ឡាន។
ក្រោយកេីតហេតុករណីអគ្គីភ័យខាងលើនេះដែរ មិនបណ្តាលឱ្យមានមនុស្សរងរបួសនោះទេ គ្រាន់តែខូចខាតក្បាលរថភ្លើង និងប្រព័ន្ធភ្លើងក្នុងរថភ្លើងតែប៉ុណ្ណោះ៕
ដោយ៖សហការី