ភ្នំពេញ៖ លោក Kevin Cheok បានសំដែងការអរគុណយ៉ាងជ្រាលជ្រៅដល់សម្ដេចតេជោនាយករដ្ឋមន្រ្ដី ដែលតែងតែគាំទ្របេសកកម្មការទូតរបស់លោកទទួលបានជោគជ័យនៅកម្ពុជា។ លោក Kevin Cheok បាន មើលឃើញអំពីការអភិវឌ្ឍន៍នៅកម្ពុជាដែលកំពុងបោះជំហានទៅមុខ ទាំងនៅទីក្រុង និងបណ្តាខេត្ត។
ទន្ទឹមនឹងនោះ លោក Kevin Cheok បានអរគុណសម្ដេចតេជោ ដែលបានអញ្ជើញបំពេញទស្សនកិច្ចនៅសឹង្ហបុរីចំនួនពីរលើកក្នុងមួយឆ្នាំ ដែលទីមួយចូលរួមគោរពវិញ្ញាណសព លោក លី ក្វាន់យ៉ូ និងទីពីរ គឺចូលរួមបុណ្យឯករាជ្យជាតិរបស់សឹង្ហបុរី ។ ប្រទេសសឹង្ហបុរីជាប់ចំណាត់ថ្នាក់លេខ៩ ក្នុងការវិនិយោគនៅកម្ពុជា។ សឹង្ហបុរី ក៏មានបើកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជាផងដែរក្នុងនោះមាន ផ្នែកព័ត៌មានវិទ្យា,ពាណិជ្ជកម្ម និងផ្នែកផ្សេងៗទៀត ហើយមកដល់ពេលនេះ គឺបានហ្វឹកហ្វឺនសិស្ស-និស្សិតប្រមាណជា១ម៉ឺន២ពាន់នាក់ ហើយកំពុងពិចារណាពង្រីកមជ្ឈមណ្ឌលនេះថែមទៀត សម្រាប់គ្របដណ្ដប់លើមុខវិជ្ជាផ្សេងៗទៀតដើម្បីជួយដល់យុវជនកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន មានមោទនៈភាពណាស់ ដែលបានធ្វើជាដៃគូជាមួយរដ្ឋាភិបាល និងប្រជាជនសឹង្ហបុរី។ ជាពិសេសនៅឆ្នាំ២០០០ សឹង្ហបុរី បានធ្វើការផ្ដួចផ្ដើមសមាហរកម្មអាស៊ាន ដែលក្នុងនោះសឹង្ហបុរី បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការអភិវឌ្ឍធនធានមនុស្ស។ សម្ដេចតេជោគាំទ្រ និងស្នើឲ្យសឹង្ហបុរីបន្ដជួយជំរុញការបណ្ដុះបណ្ដាលធនធានមនុស្សនៅក្នុងតំបន់អាស៊ានទាំងមូល។ សម្តេចតេជោ ក៏ បានកោតសរសើរចំពោះការរីកចម្រើនលើវិស័យសុខាភិបាលនៅសឹង្ហបុរី ដែលប្រទេសនេះមានមន្ទីរ ពេទ្យទំនើបព្យាបាលប្រកបដោយការទទួលខុសត្រូវលើវិជ្ជាជីវៈខ្ពស់។ កម្ពុជាក៏ត្រូវមើលការរីកចម្រើន ទាំងឡាយដែលសឹង្ហបូរីមាន ក្នុងនោះគឺធនធានមនុស្ស សន្តិភាព ស្ថេរភាពនយោបាយ និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចជាដើម។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំរគុណ លោក Kevin Cheok ដែលបានមកបំពេញបេសកកម្ម និងបានរិតចំណងមិត្តភាព និងសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ និងជូនពរលោកទទួលបានជោគ ជ័យក្នុងបេសកកម្មថ្មីៗជាបន្ដទៀត។ សម្តេចតេជោ រីករាយ និងរង់ចាំស្វាគមន៌ទទួលការអញ្ជើញមកបំពេញទស្សនៈកិច្ចរបស់រដ្ឋមន្រ្តីការបរទេសសឹង្ហបូរីនៅកម្ពុជានាពេលឆាប់ៗខាងមុខនេះផងដែរ៕
ដោយ៖ សុខ ខេមរា