ខេត្តសៀមរាប ៖ ស្ពានចំណាស់១កន្លែងត្រូវអន្តរាយដោយរថយន្តដឹកថ្មលើសចំណុះបើកឆ្លងកាត់បណ្តាលឲ្យបាក់ កាលពី វេលាម៉ោង ១១ និង ៣០ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅ ត្រង់ចំណុច វត្តស្លែង ស្ថិតក្នុងភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប។
មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ករណីបាក់ស្ពានមួយកន្លែងនេះបង្កឡើងដោយរថយន្តម៉ាក NISSAN DESEL ពាក់ស្លាកលេខសៀមរាប 3A- 3222 ប្រភេទបែន ពណ៌បៃតង អ្នកបើកបរឈ្មោះ លឹម រ៉េត ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិដូនសុខ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។ រថយន្តនេះដឹកថ្មប្រភេទ 4cm×6 cm សរុបទម្ងន់ទាំងអស់ ២៨តោន ធ្វើដំណើរក្នុងទិសដៅពីជើង ទៅទិសខាងត្បូងហើយបាន បើកឆ្លងកាត់លើស្ពានលើសទទម្ងន់ក៏បណ្តាលឲ្យបាក់ចំកណ្តាលស្ពាន តែម្តង។
ប្រភពដដែលបានឲ្យដឹងទៀតថាហេតុការណ៍គ្រោះថ្នាក់នេះ បណ្ដាលឲ្យរបួសធ្ងន់ម្នាក់ឈ្មោះ លឹម រ៉េត ភេទប្រុស ជាអ្នកបើកបររថយន្ត ហើយត្រូវគេបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបភ្លាមៗ ខណ:ដែលគេដឹងថាករណីនេះបង្កការខូចខាត បាក់ស្ពានថ្មប្រវែង៥ម x ៤.៥០ម និងខូចខាតរថយន្តចំនួន ០១គ្រឿង ( ធ្ងន់) ។
យ៉ាងណាក្នុងឧប្បត្តិហេតុនេះដែរអាជ្ញាធរមូលដ្ឋានកំពុងស្រាវជ្រាវរកម្ចាស់ក្រុមហ៊ុនដឹកថ្មដើម្បីមកទទួលខុសត្រូវសាងសង់ឬជួសជុលស្ពាននេះឡើងវិញ៕