ខេត្តពោធិ៍សាត់៖ រថយន្តធន់ធំ ២គ្រឿង បុកគ្នាពេញទំហឹងខណៈកំពុងធ្វើដំណើរបញ្ច្រាស់ទិសគ្នា បណ្ដាលឱ្យស្លាប់ម្នាក់នៅនឹងកន្លែង និងម្នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង ១១និង១០នាទីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០៨-២០៩ ស្ថិតក្នុងភូមិខ្នាចរមាស ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
លោកវរសេនីយ៍ត្រី នាង វុធ អធិការនគរបាលស្រុកបាកានបានឱ្យដឹងថា ជនរងរបួសធ្ងន់ជាអ្នកបើកបរឈ្មោះ អូន វុត្ថា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ និងអ្នករួមដំណើរមិនត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ (ស្លាប់) ។
លោកវរសេនីយ៍ត្រីបន្តថា ជនរងគ្រោះស្លាប់និងរបួសធ្ងន់ធ្វើដំណើរដោយរថយន្តម៉ាកហ្វុយសូ ពណ៌ត្រួយចេកពាក់ផ្លាកលេខ ភ្នំពេញ 3A-5825 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុបានរ៉េចង្កូតកាត់ទទឹងផ្លូវ គ្រានោះមានរថយន្តមួយគ្រឿងទៀតម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ប៉ៃលិន 3A-0194 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច (បញ្ច្រាស់ទិសគ្នា) បានបុកពេញទំហឹងបណ្ដាលឱ្យជនរងគ្រោះស្លាប់និងរបួសក្រឡកចេញពីកាប៊ីនរថយន្តរបស់ខ្លួន បណ្ដាលឱ្យរថយន្តខ្លួនឯងកិនស្លាប់អ្នករួមដំណើរ និងអ្នកបើកបររបួសធ្ងន់ ចំណែកភាគីអ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយបានរត់គេចខ្លួនបាត់ស្រមោល ។
លោកអធិការននគរបាលស្រុកបន្តទៀតថា ជនរងរបួសបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកវត្ថុតាងរថយន្តទាំងពីរគ្រឿងត្រូវបាននគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការ យកទៅរក្សាទុក ហើយកំពុងស្រាវជ្រាវរង់ចាំការដោះស្រាយតាមនីតិវិធី ។
ដោយ៖ ប៉ឹម ពិន