ខេត្តកំពង់ឆ្នាំង៖ រថយន្តម៉ាកសឺដែសមួយគ្រឿង បានបោលទៅបុករថយន្តក្រុងដែលកំពុងឈប់ស្ងៀមនៅចិញ្ចើមផ្លូវខាងស្តាំ បណ្តាលឲ្យរថយន្តម៉ាកសឺដែសផ្ទុះពោងសុវត្ថិភាព និងខូចអស់មួយកំណាត់ខាងមុខ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ជិតភ្លឺថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្តក្រុងមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ៣B-០២៣៨ បានខូចនិងបានឈប់អែបខាងស្តាំដើម្បីធ្វើការជួសជុល ប៉ុន្តែនៅពេលកើតហេតុស្រាប់តែម៉ាកសឺដែសមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ២J-៥១៣០ បើកក្នុងល្បឿនយ៉ាងលឿនក្នុងទិសដៅពីជើងទៅត្បូង នៅពេលមកដល់ចំណុចកើតហេតុក៏ស្រាប់តែបុករថយន្តក្រុងពីក្រោយពេញមួយទំហឹង លាន់ឡើងដូចរន្ទះ បណ្តាលឲ្យពោងសុវត្ថិភាពរបស់រថយន្តផ្ទុះទាំងអស់ ធ្វើឲ្យអ្នកបើកបរក្នុងរថយន្តមិនបានរងរបួសនោះឡើយ ។
ក្រោយពេលកើតហេតុម្ចាស់រថយន្ត បានចុះពីលើរថយន្តហើយគេចខ្លួនបាត់ ចំណែករថយន្តបង្កត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការនគរបាលក្រុងកំពង់ឆ្នាំង ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមនីតិវិធី ៕
ដោយ៖ ចន្ថា