នៅក្នុងសេចក្តីប្រកាសជាផ្លូវការនិងជាលើកដំបូងរបស់កូរ៉េខាងជើងស្តីពីស្ថានការណ៍នៅអ៊ុយក្រែន មេដឹកនាំកូរ៉េខាងជើង បានថ្កោលទោសយ៉ាងខ្លាំងដល់«ឫសគល់នៃមូលហេតុ» ដែលបណ្តាលឱ្យមានសង្គ្រាមនៅអ៊ុយក្រែន។ នៅក្នុងសេចក្តីប្រកាសរបស់កូរ៉េខាងជើងបានបញ្ជាក់ថា ឫសគល់នៃមូលហេតុបណ្តាលឱ្យមានវិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន គឺជាសកម្មភាពរបស់អាមេរិក ។ អាមេរិកបានអនុវត្តគោលនយោបាយសន្តិសុខមិនមានតម្លាភាព ដោយអាមេរិកបានមើលរំលងសំណើសមហេតុផលស្តីពីសន្តិសុខរបស់រុស្ស៊ី។ ក្រសួងការបរទេសកូរ៉េខាងជើងក៏បាន ចោទប្រកាន់អាមេរិកជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេងទៀតដោយមិនខ្វល់ពីសន្តិភាពនិងស្ថិរភាពរបស់ប្រទេសទាំងនោះឡើយ។ កន្លងមក ចិនក៏បានចោទប្រកាន់អាមេរិក និងសម្ព័ន្ធមិត្តថាបានបំប៉ោងស្ថានភាព និងជំរុញឱ្យមានសង្គ្រាមនៅក្នុងទឹកដីអ៊ុយក្រែន។ រដ្ឋាភិបាលទីក្រុងប៉េកាំង បានលើកឡើងថា ការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិចសំដៅទៅលើរុស្ស៊ីមិនមែនជាដំណោះស្រាយនោះឡើយ ផ្ទុយទៅវិញធ្វើឱ្យស្ថានភាពកាន់តែតានតឹង។ ជាមួយគ្នានោះដែរ ចិនបានស្នើដល់ប្រទេសលោកខាងលិច គោរពដល់ការបារម្ភពីសន្តិសុខសមស្របរបស់រុស្ស៊ី ។ ក្នុងពេលនេះចិនក៏បានប្រកាសថា មិនគាំទ្រការដាក់ទណ្ឌកម្មដើម្បីដោះស្រាយវិបត្តិនៅអ៊ុយក្រែននោះឡើយ៕ ដោយធីរីណា
រូបថត៖AFP.