លោកស្រី ម៉ែន សំអន ៖ អូស្ត្រាលីនិង កម្ពុជា នៅតែបន្ដចំណងមិត្ដភាពរឹងមាំ ទាំងនយោបាយ និងវិនិយោគ ពាណិជ្ជកម្ម នៃប្រទេសទាំងពីរ

ចែករំលែក៖

ភ្នំពេញ: លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានបញ្ជាក់ប្រាប់ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជាអំពីទំនាក់ទំនងយោបាយដ៏រឹងមាំ និងកិច្ចគាំទ្រសម្រាប់ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ និងពាណិជ្ជកម្មរវាងកម្ពុជា-អូស្ត្រាលី និងបានស្នើសុំឱ្យភាគីអូស្ត្រាលីបន្តផ្តល់អាហារូបករណ៍ដល់មន្រ្តីរាជការបានសិក្សានៅមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) ។

    ការបញ្ជាក់នេះបានធ្វើឡើងកាលពីថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ត្រូវនឹងថ្ងៃ១២រោច ខែមាឃ ឆ្នាំឆ្លូវ ព.ស.២៥៦៥ ក្នុងគ្រាដែលលោកស្រីឧបនាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យលោក ប៉ាប្លូ៊ កាង (Pablo Kang) ឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មី ប្រចាំកម្ពុជាចូលជួបសម្ដែងការគួរសម នៅទីស្តីការក្រសួង ។ 

    លោក Pablo Kang បានបង្ហាញក្តីរីករាយដែលលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអនុញ្ញាតឲ្យជួបនៅថ្ងៃនេះ។  លោកបានបន្តថា ប្រទេសកម្ពុជា និងប្រទេសអូស្ត្រាលីបានរួមគ្នាយកចិត្តទុកដាក់លើបញ្ហាយេនឌ័រ និងផ្តោតការលើកតម្កើងស្ត្រីនៅក្នុងវិស័យមួយចំនួន ដោយផ្តោតលើបញ្ហាស្ត្រីក្នុងក្របខ័ណ្ឌសន្តិសុខ និងសន្តិភាព និងការរៀបចំគោលនយោបាយក្នុងការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារផងដែរ។ 

   លោកបានបន្តទៀតថា ឆ្នាំនេះជាខួបលើកទី៧០នៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា នឹងអូស្ត្រាលី ហើយក៏ជាឆ្នាំដ៏សំខាន់ដែលប្រទេសអូស្ត្រាលីក៏ដូចជាប្រទេសកម្ពុជា និងពិភពលោកកំពុងរួមគ្នាទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ (អូមីក្រុង) ។ ក្នុងនោះប្រទេសអូស្ត្រាលីក៏បានផ្តល់ជំនួយជាវ៉ាក់សាំង បរិក្ខារសុខាភិបាល ក៏ដូចជាទូរក្សាវ៉ាក់សាំងដល់កម្ពុជាផងដែរ ។ 

    លោកឯកអគ្គរដ្ឋទូត ក៏មានសង្ឃឹមផងដែរថា កម្ពុជាអាចចូលរួមក្នុងការផ្តល់ការគាំទ្រទៅនឹងគំនិតផ្តួចផ្តើមមួយរបស់ប្រទេសអូស្ត្រាលី និងប្រទេសកូរ៉េដែលជាការរៀបចំជាសេចក្តីថ្លែងការណ៍ជាអ្នកដឹកនាំស្តីអំពីការអភិវឌ្ឍសេដ្ឋកិច្ចរបស់នារីលើក្របខ័ណ្ឌកិច្ចប្រជុំកំពូល (East Asia Submmit) ។ 

    ចំណែកឯសំណើទាក់ទងនឹងការផ្តល់អាហារូបកណ៍ដល់មន្ត្រីរាជការនៅក្រសួង បានទទួលការសិក្សានៅមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) លោកឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជាបានសុំទុកពិភាក្សា និងជូនដំណឹងនៅពេលក្រោយ ។

      ជាការឆ្លើយតប លោកស្រី កិត្តិសង្គហបណ្ឌិត បានស្វាគមន៍ និងសម្ដែងការអបអរសាទរចំពោះលោក Pablo Chiho Kang ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព របស់ប្រទេសអូស្ត្រាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ 

     លោកស្រី កិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណដល់ប្រទេសអូស្ត្រាលី ដែលបានជួយដល់កម្ពុជាទាំងក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ក្របខ័ណ្ឌអាស៊ាន ក៏ដូចជាដៃគូកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយផង

ដែរ ៕ 

      ដោយសំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print