ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយលោក Pablo Kang ឯកអគ្គរដ្ឋទូតនៃប្រទេសអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកស្រី ហ័្វររូ ហ្វ័រយូហ្សាត តំណាងអង្គការយូនីសេហ្វ ប្រចាំនៅកម្ពុជា កាលពីរសៀលថ្ងៃទី១២រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ បានរៀបចំពិធីប្រគល់-ទទួលជំនួយរបស់រដ្ឋាភិបាល និងប្រជាជន នៃប្រទេសអូស្រ្ដាលី ជូនរាជរដ្ឋាភិបាល និងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា នៅឃ្លាំងឱសថកណ្ដាលនៃក្រសួងសុខាភិបាល។ នេះបេីយោងតាមប្រភពព័ត៍មានពីក្រសួងសុខាភិបាលកម្ពុជា បានឱ្យដឹងនៅរសៀលថ្ងៃអង្គារទី០១ ខែមិនា ឆ្នាំ២០២២។
សូមបញ្ជាក់ជូនថា ចាប់តាំងពីការផ្ទុះរាតត្បាតនៃជំងឺកូវីដ-១៩ នៅកម្ពុជា រដ្ឋាភិបាល និងប្រជាជនអូស្រ្តាលីបានផ្ដល់វ៉ាក់សាំង Pfizer ចំនួន២,៣លានដូស សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩។ នៅម្សិលមិញនេះ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសុខាភិបាលបានទទួលជំនួយ ទូបង្កកត្រជាក់ខ្លាំង ចំនួន ៣៣គ្រឿង ទូទឹកកករក្សាវ៉ាកសាំងចំនួន ១០០គ្រឿង និងបរិក្ខារប្រព័ន្ឋត្រជាក់ដទៃទៀត។
លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លារបស់រដ្ឋាភិបាល និងប្រជាជននៃប្រទេសអូស្រ្តាលី ត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាល ព្រមទាំង អ្នករងគ្រោះដោយកូវីដ-១៩។
ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ថា ទោះបីជាបានចាក់វ៉ាក់សាំងរួចរាល់ហើយក៏ដោយ សូមពលរដ្ឋគ្រប់រូបត្រូវបន្តអនុវត្តវិធីការពារខ្លួន “៣ការពារ និង៣កុំ”៖
-៣ការពារ រួមមាន៖ពាក់ម៉ាស់ លាងដៃញឹកញាប់ជាមួយ អាល់កុល ឬជែល និងរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១,៥ម៉ែត ហើយសកម្មភាពគួរចៀសវាងទាំង៣ រួមមាន កុំទៅកន្លែងបិទជិត កន្លែងមានមនុស្សកុះករកកកុញ និងកុំចាប់ដៃពេលជួបគ្នា។ សូមនៅផ្ទះប្រសិនបើអ្នកមានគ្រុនក្តៅ ឬសង្ស័យថាបានឆ្លងជំងឺកូវីដ-១៩ និងសូមស្វែងរកជំនួយសុខាភិបាលភ្លាមៗ៕
ដោយ៖សហការី