ឯកអគ្គរដ្ឋទូតចិនប្រចាំនៅទីក្រុងកៀវបានប្រកាសថា និស្សិតចិន ៦០០នាក់នឹងត្រូវបានជម្លៀសចេញពីរដ្ឋធានី អ៊ុយក្រែន និងទីក្រុងកំពង់ផែ Osessa ស្ថិតនៅភាគខាងត្បូង នាថ្ងៃទី២៨ខែកុម្ភៈ។ សារព័ត៌មាន Global Times បានផ្សាយថា ចិនចាប់ផ្តើមជម្លៀសនិស្សិត៦០០នាក់នៅថ្ងៃទី ២៨ខែកុម្ភៈ ។ ចំណែកពលរដ្ឋចិនទូទៅនឹងត្រូវចាកចេញពីអ៊ុយក្រែនចាប់ពីថ្ងៃទី១ខែមីនា ដោយជម្លៀសទៅកាន់ប្រទេសប៉ូឡូញនិងស្លូវ៉ាគី ជាប្រទេសសហគមន៍អឺរ៉ុប។ ជាមួយគ្នានេះដែរ នៅថ្ងៃទី ១ខែមីនា នាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio បានប្រកាសឱ្យដឹងថា លោកបានព្រមព្រៀងជាមួយថ្នាក់ដឹកនាំអាមេរិក និងអឺរ៉ុបស្តីពីការផ្តល់ជំនួយដល់ពលរដ្ឋអ៊ុយក្រែនដែលរងផលប៉ះពាល់ដោយសារសង្គ្រាម។ ប៉ុន្តែលោកមិនបានបញ្ជាក់ថា ជំនួយអ្វីនោះឡើយ។ នៅពេលនេះប្រទេសជាច្រើននៅជុំវិញពិភពលោកបានជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីប្រទេសអ៊ុយក្រែន ហើយពលរដ្ឋអ៊ុយក្រែនក៏បានជម្លៀសចេញទៅកាន់ប្រទេសជិតខាងក្នុងតំបន់អឺរ៉ុបដែរ ។ កន្លងមកថ្មីៗ រុស្ស៊ីក៏បានស្នើដល់ពលរដ្ឋអ៊ុយក្រែនចាកចេញពីរដ្ឋធានី ដោយកម្លាំងទាហានរុស្ស៊ីដែលបានឡោមព័ទ្ធទីក្រុងនោះបានទុកផ្លូវឱ្យពលរដ្ឋចាកចេញដើម្បីសុវត្ថិភាព។ ទាំងនោះគឺជាសញ្ញាមួយបានបង្ហាញឲ្យឃើញថា រុស្ស៊ីអាចនឹងវាយប្រហារដណ្តើមគ្រប់គ្រងរដ្ឋធានីកៀវក្នុងពេលដ៏ខ្លីខាងមុខ៕ ដោយធីរីណា
រូបថត៖AFP/TTXVN.