ខេត្តកំពង់ធំ៖ ស្ត្រីវ័យចំណាស់ម្នាក់ត្រូវបានគេប្រទះឃើញអណ្តែតផ្ងារជើងឡើងលើជាមួយនិងអាក្រាធកាយ បង្កឲ្យមានការភ្ញាក់ផ្អើលពីប្រជាពលរដ្ឋសមត្ថកិច្ចទាំងព្រឹកព្រលឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ នៅចំណុចស្ទឹងសែន ខេត្តកំពង់ធំ និងមានសមត្ថកិច្ចជាច្រើននាក់បានចុះទៅស្រងសាកសពយកមកលើគោក ដើម្បីធ្វើកោសល្យវិច្ច័យ។
មុនដំបូងគេសង្ស័យថា សាកសពស្ត្រីខាងលើត្រូវបានជនសង្ស័យចាប់រំលោភរួចសម្លាប់ទម្លាក់ក្នុងស្ទឹងសែន។ ប៉ុន្តែក្រោយមកប៉ុន្មានម៉ោងសមត្ថកិច្ច ឈានដល់ការច្បាមមុខសញ្ញាក្រុមជនដៃដល់ ឃាត់ខ្លួនចំនួន៣នាក់ដើម្បីយកមកធ្វើការសាកសួរ។
លោក ញែម ឈុនលី អធិការក្រុងស្ទឹងសែនបានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឈាន ហ៊ុច ភេទស្រី អាយុ ៤៩ឆ្នាំរស់នៅភូមិថ្នល់ ឃុំទួលក្រើលស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ជាស្ត្រីដែលមានសតិមិនល្អ តែងតែដើរសុំទាន់នៅតាមផ្លូវសាធារណៈ និងទីប្រជុំជន ផ្សារជាដើម។ ដោយឡែកជនសង្ស័យជាឃាតកដែលសមត្ថកិច្ចឃាត់ខ្លួនចំនួន៣នាក់កំពុងធ្វើការសាកសួរតាមនីតិវិធីមានឈ្មោះទី១ឈ្មោះ ហេង ធារ៉ា ភេទប្រុស អាយុ ១៦ឆ្នាំ ទី២ ឈ្មោះ យ៉ានចំណាប់ ភេទប្រុសអាយុ ១៩ឆ្នាំ ទី៣ សុខ សីហា ភេទប្រុស អាយុ២៥ឆ្នាំ កំពុងបន្ដសយរចំលើយមិនទាន់បញ្ចូនទៅតុលាការទេ ដោយជនល្មើសឈ្មោះហេង ធារ៉ា ពួកគេជាក្រុមក្មេងញៀនថ្នាំ។
លោកអធិការបន្តថា បើទោះជាសង្ស័យករណីនេះជាអំពើឃាតកម្មរំលោភរួចសម្លាប់អូសទម្លាក់ស្ទឹងសែនក៏ដោយ ប៉ុន្តែនៅចំពោះមុខសមត្ថកិច្ចក្រុមជនសង្ស័យបានសារភាពថា ស្ត្រីរងគ្រោះបានផឹកស៊ីស្រវឹង និងស្រែកឡូឡាបង្កឲ្យពួកគេដេកមិនលក់ទើបក្លាយទៅជាកំហឹង នាំគ្នាយកដុំថ្មនិងដំបងវាយសម្លាប់ ហើយអូសទម្លាក់ទឹកតែម្តង។ លោកអធិការអះអាងថា ជនសង្ស័យសម្លាប់តែមិនបានរំលោភទៅលើស្ត្រីរងគ្រោះខាងលើនេះទេ។
ប្រជាពលរដ្ឋជាច្រើន បានបង្ហាញពីការភ័យខ្លាចរអាចំពោះអំពើឃាតកម្មក៏ឃោឃៅខាងលើនេះ ក្នុងនោះសពស្ត្រីសម្លាប់ទាំងមានរូបភាពអាក្រាធកាយ សង្ស័យថាជាអំពើរំលោភសម្លាប់ទើបគ្មានសំលៀកបំពាក់បែបនេះ។
លោកអធិការបញ្ជាក់ថា សាកសពស្ត្រីឈ្មោះឈាន ហ៊ុច ភេទស្រី អាយុ៤៩ឆ្នាំរស់នៅភូមិថ្នល់ ឃុំទួលក្រើលស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ សាកសពបានបញ្ចូនទៅតំកល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំដើម្បីធ្វើកោសល្យវិច្ច័យ និងរងចាំសមត្ថកិច្ចមូលដ្ឋានព្រមទាំងក្រុមគ្រួសារសពមកទទួលយកទៅធ្វើបុណ្យប្រពៃណី៕
ដោយ៖ ប៊ុន រិទ្ធី