ភ្នំពេញ ៖ សមត្ថកិច្ចបានបង្ក្រាបករណីជួញដូរគ្រឿងញៀនជាហូរហែរ ខណះដែលក្រុមឧក្រិដ្ឋគ្រឿងញៀន តែងតែប៉ុនប៉ងនាំគ្រឿងញៀនឆ្លងកាត់ប្រទេសកម្ពុជា ដើម្បីយកទៅជួញដូរ និងចែកចាយទៅកាន់បណ្តាប្រទេសផ្សេងៗទៀត ។
សូមបញ្ជាក់ថា សមត្ថកិច្ច បានចាត់វិធានការទប់ស្កាត់គ្រប់កាលទេសៈ ក្នុងការបង្ក្រាបក្រុមឧក្រិដ្ឋគ្រឿងញៀនជាបន្តបន្ទាប់ ដែលមួយខែៗ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់របស់ប្រទេសកម្ពុជាយើង បានខិតខំប្រឹងប្រែងបង្ការ និងបង្ក្រាបបទល្មើសគ្រឿងញៀនជាច្រើនករណី ព្រមទាំងចាប់យកវត្ថុតាងថ្នាំញៀនរាប់គីឡូក្រាមផងដែរ ។
យោងតាមរបាយការពីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ប្រាប់អោយដឹងថា លទ្ធផលអនុវត្តន៍ច្បាប់ប្រឆាំងបទល្មើសគ្រឿងញៀនចាប់ពីថ្ងៃទី០១ ខែមករា រហូតដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ ២០២២ សមត្ថកិច្ចបង្ក្រាប សរុប 1100ករណី ឃាត់មនុស្ស 2438នាក់ ស្រី 204នាក់ ។ ចាប់យកវត្ថុតាងសារធាតុញៀនគ្រប់ប្រភេទជាង 643kg , កញ្ឆា 1387ដើម, កញ្ឆាស្ងួតជាង 31kg , សារធាតុផ្សំគីមី 173tone 380kg , រថយន្ត 25គ្រឿង ,ម៉ូតូ 271គ្រឿង ,ទូរស័ព្ទ 1027គ្រឿង ,ជញ្ជីង 73គ្រឿង , អាវុធខ្លី 5ដើមនិងអាវុធវែង 6ដើម។
សូមបញ្ជាក់ទៀតថា សមត្ថកិច្ចបានអនុវត្តន៍ច្បាប់ប្រឆាំងបទល្មើសគ្រឿងញៀន កាលពីខែ កុម្ភៈ ឆ្នាំ ២០២២ សមត្ថកិច្ចបង្ក្រាប 532ករណី ឃាត់មនុស្ស 1136នាក់ ស្រី 113នាក់ ។
ក្នុងនោះ វត្ថុតាងសារធាតុញៀនគ្រប់ប្រភេទដកហូតជាង 29kg , កញ្ឆា 1387ដើម, កញ្ឆាស្ងួត ជាង 5kg និងសារធាតុផ្សំគីមី 13kg ។ រថយន្ត7គ្រឿង ,ម៉ូតូ 134គ្រឿង,ទូរស័ព្ទ 493គ្រឿង , ជញ្ជីង 35គ្រឿង , និង អាវុធខ្លី 2ដើម ៕