រដ្ឋបាលខេត្តកោះកុង រៀបចំពិធីអបអរសាទរទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៤ ឆ្នាំ២០២២ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ”

ចែករំលែក៖

ខេត្តកោះកុង :បើយោងតាមប្រភពពី ៖ រដ្ឋបាលខេត្តកោះកុង បានបញ្ជាក់អោយដឹងថា, នៅ ថ្ងៃព្រហស្បតិ៍ទី៣ ខែមីនា ឆ្នាំ២០២២ លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតី អបអរសាទរទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៤ ឆ្នាំ២០២២ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ”។

លោកអភិបាលរងខេត្ត បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ជាប់ជានិច្ចចំពោះការងារវប្បធម៌ ដែលជាដួងព្រលឹង ជាអត្តសញ្ញាណ ជាកិត្យានុភាព និងជាមោទនភាពរបស់ជាតិ។ ទោះបីរងការរំខានពីការរីករាលដាលឆ្លងនៃជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ យ៉ាងណាក្ដី រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យវប្បធម៌ ដោយក្នុងនោះទិវាវប្បធម៌ជាតិ មិនដែលត្រូវបានអាក់ខានក្នុងការរៀបចំម្ដងណាឡើយ ហើយរាជរដ្ឋាភិបាលក៏បានចេញសារាចរណែនាំ ស្តីពីការរៀបចំទិវាវប្បធម៌ជាតិ ចុះថ្ងៃទី២១ កុម្ភៈ ឆ្នាំ២០២២ ផងដែរ។ លោកអភិបាលរងខេត្ត បានលើកឡើង ជូនដល់ពិធីដូចតទៅ : ពាក់ព័ន្ធនឹងធនធានសម្រាប់បំពេញការងារ ពិសេសថវិការដ្ឋ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានណែនាំឱ្យគ្រប់ក្រសួង ស្ថាប័នទាំងអស់ ត្រូវប្រើប្រាស់ធនធានប្រកបដោយភាពសន្សំសំចៃខ្ពស់ ដោយក្នុងនោះត្រូវពង្រឹងការអនុវត្តចំណាយតែលើការងារណាដែលចាំបាច់។ ការអភិរក្ស និងការអភិវឌ្ឍវប្បធម៌ជាតិ អាចប្រកបដោយចីរភាពទៅបានគឺអាស្រ័យដោយមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋគ្រប់រូប ពិសេសប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលមានមរតកវប្បធម៌ស្ថិតនៅ។

ស្របពេលដែលកម្ពុជា បានចូលជារដ្ឋភាគី នៃអនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្រ្តនិងសិល្បៈ នីតិបុគ្គល និងរូបវ័ន្តបុគ្គលទាំងអស់ ពិសេសប្រជាពលរដ្ឋខ្មែរ ដែលចូលចិត្តបង្កើតមាតិកា នៅលើប្រព័ន្ធបណ្ដាញសង្គម ដើម្បីទទួលបានការគាំទ្រ ឬដើម្បីគោលដៅផលប្រយោជន៍ផ្ទាល់ខ្លួនផ្សេងៗ ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះការយកស្នាដៃរបស់អ្នកដទៃ ឬរបស់ជាតិដទៃមកប្រែសម្រួល កែច្នៃ ឬប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួន ដោយគ្មានការអនុញ្ញាតពីម្ចាស់សិទ្ធិ ឬម្ចាស់ប្រទេស។ និងពង្រីកវគ្គបណ្ដុះបណ្ដាលជំនាញសិល្បៈវប្បធម៌ ពិសេសវគ្គបណ្ដុះបណ្ដាលខ្លីៗ ដល់យុវជនដែលកំពុងមានភាពសកម្មខ្លាំងក្នុងការបង្កើតមាតិកាសិល្បៈវប្បធម៌នៅលើប្រព័ន្ធបណ្ដាញសង្គម។ ត្រូវសិក្សាអំពីកាលានុវត្តភាពថ្មីៗ ដូចជា ឥរិយាបថរបស់ប្រជាជនខ្មែរលើការថត Pre-Wedding នៅតាមបុរាណដ្ឋានវប្បធម៌ ពិសេសនៅរមណីយដ្ឋានបេតិកភណ្ឌពិភពលោក ដោយជំរុញ និងសហការជាមួយវិស័យឯកជន ដើម្បីធ្វើការផ្សព្វផ្សាយនិងការរៀបចំស្លៀកពាក់ និងរៀបចំអាកប្បកិរិយាឱ្យបានសមរម្យ និងត្រឹមត្រូវតាមប្រពៃណី ទំនៀមទម្លាប់ខ្មែរ។

ជាថ្មីម្តងទៀត ខ្ញុំសូមអំពាវនាវដល់ លោក លោកស្រី និងសប្បុរសជនទាំងនៅក្នុងនិងក្រៅប្រទេសទាំងអស់ សូមចូលរួមឱ្យបានកាន់តែសកម្មឡើងថែមទៀត តាមរយៈការបរិច្ចាគធនធានថវិកាផ្ទាល់ខ្លួន ដើម្បីជួយអភិរក្សប្រាសាទបុរាណខ្មែរ សំណង់បុរាណ ក៏ដូចជាគម្រោងវប្បធម៌ផ្សេងៗដទៃទៀត។ ស្របពេលដែលស្ថានភាពជំងឺកូវីដ-១៩ ពិសេសមេរោគបំប្លែងខ្លួនថ្មីអូមីក្រង់ បាននិងកំពុងរីករាលដាលនៅក្នុង សហគមន៍យើងជាថ្មីម្ដងទៀត ខ្ញុំស្នើតួអង្គក្នុងវិស័យវប្បធម៌និងវិចិត្រសិល្បៈទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន ដោយប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល ៣កុំ និង ៣ការពារ និងអនុវត្ត ស្ដង់ដារប្រតិបត្តិ(SOP) ដែលបានដាក់ចេញ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print