ភ្នំពេញ ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី 4 ខែមិនាឆ្នាំ 2022 បានបញ្ជាក់ឲ្យដឹងថា, ពេលខ្លះក្រុមហ៊ុនទូរសព្ទមួយចំនួនបានប្រើវិធីកំណត់ល្បឿនរបស់ទូរសព្ទជាមួយនឹងកម្មវិធីមួយចំនួនដើម្បីឱ្យការប្រើប្រាស់ថ្មបានយូរ។ ឥឡូវនេះក្រុមអ្នកប្រើប្រាស់មួយចំនួនបានរកឃើញថា ក្រុមហ៊ុន Samsung បានប្រើកម្មវិធី Game Optimizing Service (GOS) ដើម្បីធ្វើការគ្រប់គ្រងល្បឿននៅក្នុងទូរសព្ទ Galaxy ដែលនេះបានធ្វើឱ្យពួកគេមិនសប្បាយចិត្តជាមួយនឹងការកំណត់ល្បឿន ដោយសារតែពួកគេបានចំណាយលុយជាច្រើនដើម្បីទិញទូរសព្ទដែលមានល្បឿនលឿន។
អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបន្តថា, បច្ចុប្បន្នពួកគេបានរកឃើញកម្មវិធីចំនួនប្រមាណ ១០ម៉ឺន កំពុងត្រូវបានប៉ះពាល់ជាមួយនឹងកម្មវិធី Game Optimizing Service ប៉ុន្តែកម្មវិធីនេះមិនត្រឹមតែកំណត់ល្បឿនកម្មវិធីហ្គេមប៉ុណ្ណោះទេ ថែមទាំងកំណត់ល្បឿនកម្មវិធីទូទៅច្រើនទៀតមានដូចជា Netflix, TikTok និង Microsoft Office។
គួរបញ្ជាក់ផងដែរថាកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនទូរសព្ទ OnePlus ក៏បានទទួលស្គាល់ថា ពួកគេបានធ្វើការកំណត់ល្បឿនជាមួយនឹងទូរសព្ទមួយចំនួនរបស់ខ្លួន ដើម្បីសន្សំសំចៃថាមពលថ្ម ដែលកត្តានេះបានជំរុញឱ្យក្រុមហ៊ុន Geekbench លុបឈ្មោះទូរសព្ទ OnePlus 9 និង OnePlus 9 Pro ចេញពីតារាង Android Benchmark របស់ពួកគេ៕