សារព័ត៌មាន The Washington Post បានផ្សាយថា អាមេរិកនិងសម្ព័ន្ធមិត្តបានឡើងគម្រោងរួចរាល់ដើម្បីបង្ការក្នុងករណីរុស្ស៊ីទទួលបានជ័យជម្នះគ្រប់គ្រងទាំងស្រុងប្រទេសអ៊ុយក្រែន ហើយបង្ខំឱ្យរដ្ឋាភិបាលត្រូវរសាត់អណ្តែតនៅក្រៅប្រទេស ឬក៏ត្រូវគេសម្លាប់នៅក្នុងសមរភូមិ។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Anthony Blinken បានប្រកាសថា អ៊ុយក្រែនមានគម្រោងរួចជាស្រេចដើម្បីធានារដ្ឋាភិបាលនៅតែដំណើរការធម្មតាក្នុងការណី ប្រធានាធិបតីអ៊ុយក្រែនរងការធ្វើឃាត ឬត្រូវភៀសខ្លួនចេញក្រៅប្រទេស។ នៅលើបណ្តាញព័ត៌មាន CBS News លោក Blinken បានបញ្ជាក់ថា អាមេរិកនិងសម្ព័ន្ធមិត្តបានត្រៀមលក្ខណៈរួចរាល់សម្រាប់ស្ថានភាពអាក្រក់បំផុត។ រដ្ឋមន្ត្រីការបរទេសអាមេរិកបានចាត់ទុក ថ្នាក់ដឹកនាំនិងពលរដ្ឋអ៊ុយក្រែន ពិតជាមានភាពក្លាហានក្នុងការតស៊ូទប់ទល់ក្នុងសង្គ្រាម។ ក្នុងពេលនេះការឡោមព័ទ្ធរបស់រុស្ស៊ីទៅលើរដ្ឋធានី កៀវ បង្កឱ្យមានពាក្យចចាមអារ៉ាមថា ប្រធានាធិបតីអ៊ុយក្រែនបានភៀសខ្លួនទៅកាន់ប្រទេសជិតខាង ។ កន្លងមកអាមេរិក ក៏បានស្នើជួយដល់ប្រធានាធិបតីអ៊ុយក្រែនក្នុងការជម្លៀសចេញពីប្រទេស ក៏ដូចជា ជួយដល់រដ្ឋាភិបាលអ៊ុយក្រែននៅក្រៅប្រទេស ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែនមិនយល់ព្រមនោះឡើយ៕ ដោយធីរីណា
រូបថត៖BBC.
រូបថត៖UKRINFORM