កំពង់ធំ : បុរសម្នាក់ ជាកូនជាងជួសជុលម៉ូតូ បានបាញ់សម្លាប់កូនស្រីរបស់ មេជាង រួចបាញ់សម្លាប់ខ្លួនឯងជាក្រោយ ដោយសារស្ត្រីនោះ មិនព្រមស្រឡាញ់ខ្លួន។
ហេតុការណ៍ នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ប្រមាណ ១២ នឹង៣០នាទី រសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ នៅចំណុចផ្ទះជួសជុលម៉ូតូ មួយកន្លែង ស្ថិតក្នុងភូមិត្រពាំងចំបក់ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ។
សមត្ថកិច្ច បានឲ្យដឹងថាស្ត្រីរងគ្រោះ មានឈ្មោះ គង់ គឹមហ័ន អាយុ ៣១ ឆ្នាំ រស់នៅភូមិ/ឃុំ កើតហេតុ ខាងលើ (ស្លាប់នៅកន្លែងកើតហេតុ បាញ់ត្រូវគល់ ក ខាងឆ្វេងចំនួន១គ្រាប់) ។ ចំណែក ជនបង្កឈ្មោះ សុខ សូយ៉ន ហៅ ឌី រស់នៅភូមិតស៊ូ ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ (បាញ់សម្លាប់ខ្លួនឯង បែកលលាដ៍ក្បាល បន្ទាប់ពីបាញ់សម្លាប់ភាគីខាងស្រីរួច)។
សមត្ថកិច្ច បានបន្តថា យោងតាមសាក្សី ជាសាច់ញាតិរបស់ជនរងគ្រោះ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ ជនបង្កបានមកសុំរៀន ធ្វើជាងជួសជុលម៉ូតូ រយៈពេល១ឆ្នាំហើយ ប៉ុន្តែរយៈពេល ៣ខែចុងក្រោយនេះ ជនបង្កបានលួចស្រឡាញ់ជនរងគ្រោះ ដែលត្រូវជាកូនស្រីរបស់មេជាង ប៉ុន្តែភាគីខាងស្រី មិនស្រឡាញ់។ លុះថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ ជនបង្កបានទៅលេងផ្ទះខ្លួន នៅឯខេត្តព្រះវិហារ ដេក១យប់ ហើយក៏បានត្រឡប់មកវិញ រហូតដល់ថ្ងៃកើតហេតុ ទើបជនបង្ក យកកាំភ្លើងកែច្នៃបាញ់សម្លាប់ជនរងគ្រោះ រួចសម្លាប់ខ្លួនឯងតែម្ដង។
សមត្ថកិច្ច បានសន្និដ្ឋានជាបឋមថា ជនបង្ក ស្រឡាញ់ជនរងគ្រោះ ប៉ុន្តែជនរងគ្រោះ មិនព្រមស្រឡាញ់ទើបបណ្ដាលឱ្យកើតករណី ឃាតកម្មនេះតែម្តង។ វត្ថុតាងពាក់ព័ន្ធនឹងករណីឃាតកម្មនេះ មាន អាវុធខ្លីកែច្នៃ ចំនួនពីរដើម នៅកន្លែងកើតហេតុ ៕ដោយនិនសុភ័ស្ត