តម្រួតថៃតាមឃាត់រថយន្ត៣គ្រឿងដែលដឹកពលករខ្មែរខុសច្បាប់ចូលក្រុងបាងកក

ចែករំលែក៖

ខេត្តបាត់ដំបង៖ ពលករខ្មែរជិត៣០ នាក់ ដែលមិនមានច្បាប់ត្រឹមត្រូវបានលបលួចឆ្លងដែនចូលទៅរកការងារធ្វើនៅក្នុងខេត្តឈុនបូរី និងនៅទីក្រុងបាងកកតាម រយៈអ្នកបើកបររថយន្តតាក់ស៊ីដែលជាជន ជាតិថៃត្រូវបានក្រុមតម្រួតខេត្តឆាក់ឈើង សៅ សហការជាមួយនឹងតម្រួតខេត្តឈុនបូរី ដេញតាមប្រមាញ់ ព្រមទាំងបានឃាត់ រថយន្តទាំងនោះទាំងប្រថុយនឹងគ្រោះថ្នាក់។

បើតាមប្រភពព័ត៌មានបានបញ្ជាក់ថា ករណីដេញបង្ក្រាបរថយន្តប្រព្រឹត្តបទល្មើសនេះបានធ្វើឡើងកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង១១យប់តាមបណ្តោយ ផ្លូវសាយសុរីនថាក់វង់ ក្នុងទិសដៅពីព្រំដែនកម្ពុជានៃខេត្តស្រះកែវឆ្ពោះទៅទីក្រុងបាងកកដោយក្នុងនោះរថយន្តដែលប្រព្រឹត្តបទល្មើសមានចំនួន៣គ្រឿងដែលជាប្រភេទ រថយន្តនីសាន់។
ប្រភពដដែលបានបន្តទៀតថា នៅពេល នោះដែរដោយមានការសង្ស័យក្រុមតម្រួត ស្រុកបាគង ខេត្តឆាក់ឈើងសៅបានសុំកិច្ច សហការជាមួយក្រុមតម្រួតខេត្តឈុនបូរី ដេញប្រមាញ់រថយន្តទាំង៣គ្រឿងឲ្យ រថយន្ត ទាំងនេះឈប់។ ប៉ុន្តែផ្ទុយទៅវិញ រថយន្តដែលប្រព្រឹត្តបទល្មើសបានជាន់ បន្ថែមល្បឿនកាន់តែលឿនឡើង និងងាកក្បាលឆ្ពោះទៅកាន់ខេត្តឈុនបូរីដោយបាន បត់ឡើងស្ពានក្បែរផ្លូវបែកជា៤ត្រង់ចំណុច បាងបឹងស្ថិតក្នុងភូមិ៦ ឃុំបាងសួន ស្រុក មឿង ខេត្តឈុនបូរី ប្រទេសថៃដែលនៅ ទីនោះ ក្រុមតម្រួតបានព័ទ្ធស្ទាក់ និងឃាត់បាន នៅចំកណ្តាលស្ពាននោះតែម្តង។

នៅពេលនោះគេសង្កេតឃើញថា នៅក្នុងរថយន្តទាំងនោះមានពលករខ្មែរសរុបចំនួន២៧នាក់ដោយមានប្រុសចំនួន២០នាក់ ស្រីចំនួន៦នាក់ និងក្មេងតូចម្នាក់ ។ ចំណែកអ្នកបើកបរឈ្មោះ យុត្តិភូមិ តុនវុធ ដែលជាជនជាតិថៃបានសារភាពថា ពួកគេគឺទៅទទួលក្រុមពលករខ្មែរមកពីខេត្តស្រះកែវដោយដឹកយកទៅធ្វើការនៅក្នុងខេត្ត ឈុនបូរី និងក្រុងបាងកកដោយទទួលបានប្រាក់កម្រៃក្នុងម្នាក់២.៥០០បាត ។

ក្រោយពេលកិច្ចប្រតិបត្តិការត្រូវបាន បញ្ចប់ក្រុមពលករខ្មែរទាំងអស់ត្រូវបាន តម្រួតថៃនាំយកទៅកាន់ស្ថានីយតម្រួត ក្នុងខេត្តឆាក់ឈើងសៅដើម្បីសាកសួរ។ ដោយឡែកអ្នកបើកបររថយន្តដែលជាជនជាតិថៃទាំង៣រូបត្រូវបានក្រុមតម្រួតរៀបចំឯកសារដើម្បីបញ្ជូនខ្លួនទៅតុលាការចាត់ តាមផ្លូវច្បាប់ ៕

...

 

ដោយ៖ សំ វិច្ឆិកា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print