បំបែកសំណុំរឿងឃាតកម្ម កម្លាំងសមត្ថកិច្ចនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជាជនជាតិចិនពាក់ព័ន្ធនឹងករណីកម្មនៅក្រុងព្រះសីហនុ

ចែករំលែក៖

   ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយកម្លាំងនគរបាលជំនាញនៃស្នងការដ្ឋានរាជធានីភ្នំពេញបំបែកសំណុំរឿងឃាតកម្មសម្លាប់ស្ត្រីជនជាតិចិនម្នាក់នៅសង្កាត់លេខ៤​ ក្រុងព្រះសីហនុ​ ខេត្តព្រះសីហនុ បានដោយជោគជ័យនៅយប់ថ្ងៃទី០៧​ ខែមីនា​ ឆ្នាំ២០២២នេះ ដោយជនដៃដល់ត្រូវសមត្ថកិច្ចតាមស្រាវជ្រាវចាប់ខ្លួនបាននៅក្នុងភូមិក្បាលដំរី២​ សង្កាត់កាកាបទី២​ ខណ្ឌពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ​ ក្រោយពីធ្វើសកម្មភាពកាលពីថ្ងៃទី២៨​ ខែកុម្ភៈ​ ឆ្នាំ២០២២។ 

    ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងចង្អុលបង្ហាញយ៉ាងយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឱ្យកម្លាំងជំនាញបើកការស្រាវជ្រាវជាបន្ទាន់ក្រោយកើតហេតុ​ និងមានការសម្របសម្រួលពីលោក​ ប្លង់​ សុផល​ ព្រះរាជអាជ្ញារង​ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ 

   លោកឧត្តមសេនីយ៍ទោ​ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌដែលដឹកនាំប្រតិបត្តិការនេះ​ បានឱ្យដឹងថា​ ក្រោយពីទទួលបានបទបញ្ជា​ កម្លាំងជំនាញ​នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​បានសហការជាមួយកម្លាំងនគរបាល​នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ​ និងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានធ្វេីការស្រាវជ្រាវរហូត​ដល់រសៀលថ្ងៃទី០៧​ ខែមីនា​ ឆ្នាំ២០២២នេះ​ ទេីបកំណត់បានទីតាំងលាក់ខ្លួន​របស់ជនសង្ស័យ​ និងឈានទៅដល់ការឃាត់ខ្លួនបាននៅចំណុចសណ្ឋាគារ​ ម៉ាន់​ស៉ីគ័ង​ ស្ថិតនៅក្នុងភូមិក្បាលដំរី២​ សង្កាត់កាកាបទី២​ ខណ្ឌពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ។ 

លោកបញ្ជាក់ថា ជនដៃដល់ដែលសមត្ថកិច្ចចាប់ខ្លួនឈ្មោះ LI XIAO JIANG ភេទប្រុស​ អាយុ​៣១ឆ្នាំ​ ជនជាតិចិន​ កាន់លិខិតឆ្លងដែនលេខ​ EG 9171185 និងបានដកហូតកាំភ្លើងខ្លី​ មួយដេីម​ ម៉ាក​ BERETTA (ប្រេីហ្គាស),​ ប្រាក់ដុល្លារសែន​០១ដុំ​ និងទូរស័ព្ទ​ ០១គ្រឿង។ ចំណែកជនរងគ្រោះមានឈ្មោះ​ LOU ZHIJIN ភេទស្រី​ អាយុ​ ៤២ឆ្នាំ​ ជនជាតិចិន​ កាន់លិខិតឆ្លងដែនលេខ​ E 88842731​ ដោយជនសង្ស័យបានយកខ្សែចងដៃ​ចងជេីងជាប់​ ហេីយច្របាច់បំពង់ក​ផ្ទប់ផ្លូវដង្ហេីម​​រហូតដល់ស្លាប់នៅនឹងកន្លែងកេីតហេតុ។ 

សូមជម្រាបថា នៅវេលាម៉ោង​១ៈ០០នាទីរសៀល​ថ្ងៃទី២៨ ខែកុម្ភៈ​ ឆ្នាំ២០២២ មានករណីឃាតកម្មកើតឡើងស្ថិតនៅក្នុងបន្ទប់ជួល​មួយកន្លែង ជាន់ទី០១​ តាមបណ្តោយផ្លូវលេខ១០២​ ក្រុម២​ ភូមិ៤​ សង្កាត់លេខ៤​ ក្រុងព្រះសីហនុ​ ខេត្តព្រះសីហនុ​ មានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចថា មានមនុស្សដេកស្លាប់នៅក្នុងបន្ទប់ ហើយកម្លាំងជំនាញក៏បើកការស្រាវជ្រាវតែម្ដង។

   បច្ចុប្បន្នជនដៃដល់​ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានប្រគល់ឱ្យស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលជាម្ចាស់ករណីដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕ដោយ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print