ពិធី​ប្រចាំ​ដប់​ពីរ​ខែ​ (តពីលេខមុន)

ចែករំលែក៖

ថ្ងៃបន្ទាប់មក គេរៀបក្បួនហែនាគទៅកាន់វត្តព្រះកែវមរកត បើប្រសិនជាអ្នកនោះជាវង្សក្សត្រឬជាកូននាម៉ឺនជាន់ខ្ពស់ ការហែនាគមានសភាពគគ្រឹកគគ្រេងណាស់ ស្ទើរតែប្រហាក់ប្រហែលនឹងការរៀបចំហែស្ដេចមួយព្រះអង្គដែរ ព្រោះការដែលព្រះសាស្ដាយើងទ្រង់ចេញទៅសាងផ្នួស ព្រះអង្គជាព្រះរាជបុត្រក្សត្រាគ្រងរាជដែរ។

  គេឃើញមានភ្លេងឆៃយ៉ាំមួយក្រុម ដើរមុខក្បួនមានមនុស្សទ្រពានប្រាក់តម្កល់ត្រៃចីវរ ទ្របាត្រនិងគ្រឿងសក្ការបូជាដើរមុខនាគ។ បន្ទាប់មកទៀតអ្នកដែលមានសម្លៀកបំពាក់ដូចជាស្ដេចសម័យបុរាណជិះសេះមានមនុស្សបាំងក្លស់ឲ្យផង ។

  នៅមុខវត្តមានមនុស្សកំប្លែងម្នាក់ធ្វើជាមារាធិ ដែលចាំរារាំងព្រះពោធិសត្វមិនឲ្យចេញទៅបួស  ស្ទុះទៅចាប់មុខសេះដែលអ្នកជិះហើយធ្វើហាក់ដូចជាឃាត់មិនឲ្យនាគចូលទៅបួស។ ប៉ុន្តែគេមិនព្រមលោតចុះពីលើខ្នងសេះហើយដើរចូលទៅក្នុងទីវត្តដោយមានក្រុមញាតិសាលោហិតហែតាមពីក្រោយផង។ ដល់ហើយក្បួនហែនាគដើរប្រទក្សិណព្រះវិហារ ៣ ជុំ អាចារ្យស្រែកអនុមោទនាដើម្បីសម្ដែងសេចក្តីត្រេកអរនឹងកិច្ចរបស់កុលបុត្រដែលស្ម័គ្រចិត្តលះបង់ភេទគ្រហស្ថហើយទទួលយកភេទជាបព្វជិត។ នៅពេលដែលអាចារ្យស្រែកថា អនុមោទនាលោកអើយ! អ្នកដើរហែទាំងប៉ុន្មានទទួលព្រមៗគ្នាថាសាធុ! ប្រែថា”ប្រពៃហើយ ប្រសើរហើយ ! ។

  លុះហែប្រទក្សិណគ្រប់បីជុំហើយ នាគចូលទៅក្នុងព្រះវិហារអុជធូប ទៀន ដោតនៅមុខពុទ្ធាសនៈរួចថ្វាយបង្គំព្រះពុទ្ធរូបបីដង ទើបថយទៅអង្គុយពីមុខត្រៃចីវរនិងបាត្រ។ បើមានអ្នកច្រើនរូបអ្នកត្រូវអង្គុយជាជួរតាមលំដាប់អាយុចាស់ក្មេង បើបួសជាសាមណេរមានតែលោកឧបជ្ឈាយ៍មួយអង្គជាការស្រេចតែបើបំបួសជាភិក្ខុវិញ ច្បាប់វិន័យពុទ្ធសាសនាថា ត្រូវមានព្រះសង្ឃយ៉ាងតិចត្រឹម ៥អងដែរ។

  តពីនេះ នាគកាន់ទ្រសំពត់កាសាវ: គឺស្បង់ចីវរចំពោះមុខព្រះឧបជ្ឈាយ៍ហើយថ្វាយបង្គំ ៣ ដងសូត្រធម៌វន្ទាសូមខមាទោសរួចហើយសូត្រពាក្យសុំផ្នួសជាតិគម្រប់បីដងព្រមទាំងប្រគេនសំពត់កាសាវៈទៅព្រះឧបជ្ឈាយ៍  ៗទទួលហើយនាគសូត្រសុំសំពត់កាសាវៈនោះមកវិញ។ ព្រះឧបជ្ឈាយ៍ក៏ប្រគល់ឱ្យតាមសុំ។ នាគអង្គុយច្រហោងប្រណម្យអញ្ជលីកាន់ទ្រសំពត់ការសាវ:នៅមុខព្រះឧបជ្ឈាយ៍ ៗ ចាប់ចុងម្រាមដៃហើយប្រាប់ធម៌កម្មដ្ឋាន ៥ យ៉ាង ហៅថា តចបញ្ចកកម្មដ្ឋាន ដែលហៅតាមទម្លាប់ថាឲ្យធម៌” កេសា ” ឱ្យនាគថាតាមដោយមានបាលីថា:

 (នៅមានត) 

...

 ស្រាវជ្រាវនិងកែសម្រួលដោយ÷ ចៅតាជេត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print