ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ត្រូវយកទីតាំងពីផ្សាររាត្រីទៅដីជ្រោយចង្វាតភ្ជាប់ទៅអរិយក្សត្រ

ចែករំលែក៖

ភ្នំពេញ÷បន្ទាប់ពីទន្ទឹងរង់ចាំអស់រយៈពេលជាយូរអំពីការកសាងស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឥឡូវនេះរាជ រដ្ឋាភិបាលបានកំណត់ទីតាំងសម្រាប់សាងសង់ស្ពានពីភ្នំពេញទៅអរិយក្សត្រ ដែលជាជំនួយរបស់រដ្ឋាភិបាលកូរ៉េខាង សម្រេចជ្រើសរើសជាផ្លូវការ ហើយ ដោយត្រូវសាងសង់ចេញពីផ្សាររាត្រី ស្ថិតនៅក្បែរផ្សារចាស់ក្នុងខណ្ឌដូនពេញ តភ្ជាប់ទៅទឹកដីជ្រោយចង្វា ក្បែរសណ្ឋាគារសុខា រួចសាងសង់បន្តឆ្លងកាត់ទន្លេមេគង្គ ឆ្ពោះទៅឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។

លោក គង់ វិមាន នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់នៅថ្ងៃទី០៩ខែមីនា នេះថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានឯកភាពអនុញ្ញាតឱ្យក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចរចាជាមួយស្ថាប័នពាក់ព័ន្ធរបស់ភាគីកូរ៉េ សម្រេចយកជម្រើសសាងសង់ស្ពានមិត្តកម្ពុជា-សាធារណរដ្ឋកូរ៉េ នៅទីតាំងផ្សាររាត្រី ភ្ជាប់ទៅតំបន់ជ្រោយចង្វា ហើយបន្តទៅតំបន់អរិយក្សត្រ ដោយសង់ស្ពានប្រភេទខ្សែកាបយោងខ្ពស់ទាំងពីរតែម្តង ដែលល្អស្អាតប្រហាក់ប្រហែលស្ពានអ្នកលឿង។

ចំណែកចំនួនថវិកាដែលត្រូវចំណាយនៅក្នុងគម្រោងសាងសង់មិនទាន់អាចដឹងនៅឡើយទេ ដោយសារតែក្រុមការងារអន្តរក្រសួង និងភាគីកូរ៉េ កំពុងបន្តជជែកគ្នាទៀត ទាក់ទងការកែសម្រួលប្លង់ឡើងវិញដោយសារត្រូវសាងសង់២ស្ពាន។

លោកអ្នកនាំពាក្យបន្តថា ដំបូងគម្រោងសាងសង់ស្ពានមួយខ្សែនេះ មានជម្រើសទីតាំងចំនួនពីរ ទី១ភ្ជាប់ពីទីតាំងរដ្ឋាករទឹកផ្លូវកែវចិន្តាឆ្ពោះទៅខណ្ឌជ្រោយចង្វាបន្តទៅកាន់ស្វាយជ្រុំ និងទី២ ចេញពីម្តុំផ្សាររាត្រី ឆ្ពោះទៅសណ្ឋាគារសុខា រួចបន្តទៅកាន់តំបន់អរិយក្សត្រ។ បន្ទាប់ពីបានសិក្សាលម្អិត សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចជ្រើសយកជម្រើសទី២ ដោយសង់ចេញពីផ្សាររាត្រី ទៅកាន់ជ្រោយចង្វា ហើយបន្តទៅតំបន់អរិយក្សត្រ។

តាមការវិភាគលម្អិត និងសិក្សាលើកត្តាចម្បងសំខាន់ៗ លើការសាងសង់ស្ពាននៅទីតាំងនេះ រួមមាន៖ ស្ថានភាពចរាចរណ៍ប្រចាំថ្ងៃ ភូមិសាស្រ្តអំណោយផលគ្រប់ជ្រុងជ្រោយ ទាំងទិដ្ឋភាពបច្ចេកទេស-ហិរញ្ញវត្ថុ និងផលប៉ះពាល់សង្គម និងសេដ្ឋកិច្ច បរិស្ថាន, ព្រមទាំងការគិតគូរផងដែរអំពីការទាក់ទាញវិស័យទេសចរណ៍ ជាពិសេស កត្តាសោភ័ណភាព និងការលើកសម្រស់រាជធានីភ្នំពេញ។ ជាមួយគ្នានេះ ក្រុមហ៊ុនកុងស៊ុលតង់ បានផ្តល់នូវអនុសាសន៍ជារួមថា៖ ការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូង ពីចំណុចផ្សាររាត្រី ភ្ជាប់អរិយក្សត្រ គឺជាជម្រើសសមស្រប និងល្អជាងជម្រើសផ្សេង។

បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានប្រាប់ឱ្យដឹងដែរថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូង គ្រោងនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០២៣ ខាងមុខនេះ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print