ឃាត់ខ្លួន​ហេីយ​! មន្ត្រីនគរបាលម្នាក់និងបក្ខពួក៤នាក់ ដែលពាក់ព័ន្ធករណីយកកាំភ្លើងខ្លីភ្ជង់និងវាយខ្នោះ រួចយកដុំថ្មគប់វាយកម្ទេចម៉ូតូជនរងគ្រោះ

ចែករំលែក៖

ភ្នំពេញ៖​ ទីបំផុត​! កម្លាំង​សមត្ថកិច្ចជំនាញ​ បានស្រាវជ្រាវ​រហូតឈានដល់ការឃាត់ខ្លួន លោក ស៊ឹម សុខហេង ជាមន្ត្រីនគរបាលនាយកដ្ឋានស៊ើបការណ៍ខាងក្រៅនិងបច្ចេកទេស និងបក្ខពួក៤នាក់ ក្រោយពាក់ព័ន្ធករណីយកកាំភ្លើងខ្លីភ្ជង់និងវាយខ្នោះ រួចហើយ​បានយកដុំថ្មគប់វាយកម្ទេចម៉ូតូរបស់ជនរងគ្រោះថែមទៀត។

សូមរម្លឹកថា​ ករណី​ខាងលើ​នេះ​ បានកើតឡើងតាមមហាវិថីព្រះនរោត្ដម មុខក្រសួងមហាផ្ទៃ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីវេលាម៉ោងជាង២រំលងអាធ្រាត្រ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២។

យោងតាមកំណត់ហេតុ Hotline ១១៧ បានឱ្យដឹងថា ជនសង្ស័យមានគ្នា៤នាក់ មានឈ្មោះ ស៊ឹម សុខហេង អាយុ២៨ឆ្នាំ ជាមន្ត្រីនគរបាលនាយកដ្ឋានស៊ើបការណ៍ខាងក្រៅនិងបច្ចេកទេស ឈ្មោះ សៅ វិចិត្រ ឈ្មោះ ឈឿង រ៉ាវីន ឈ្មោះ ប៊ុន ភក្តី និង ឈ្មោះ ឃីសុខហេង ។

ចំណែកជនរងគ្រោះមានគ្នា២នាក់ ឈ្មោះ ផៃ ផានិត និង ឈ្មោះ ឆៃ យ៉ារ័ត្ន ដែលបានធ្វើដំណើរចេញពីវត្តលង្កា ទៅផ្ទះនៅចាក់អង្រែក្រោម ។ លុះមកដល់ចំណុចកើតហេតុក៏បានជួបក្មេងស្ទាវ២ក្រុមកំពុងដេញវ៉ៃគ្នា រួចបានយកដុំថ្មគប់ទៅលើជនរងគ្រោះ ។ ពេលនោះជនរងគ្រោះ បានផ្ដួលម៉ូតូរត់ចូលក្រសួងមហាផ្ទៃ តែត្រូវបានឈ្មោះ ស៊ឹម សុខហេង ជាមន្ត្រីនគរបាល បានយកអាវុធខ្លីភ្ជង់និងវាយខ្នោះ ហើយបក្ខពួកមួយចំនួនទៀតបានយកដុំថ្មវាយកម្ទេចម៉ូតូជនរងគ្រោះ ។

បច្ចុប្បន្ន​ក្រុមជនសង្ស័យទាំង៥នាក់ កំពុងឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់​ ខណ្ឌ​ចំការ​មន​ ដើម្បីសាកសួរនិងចាត់ការបន្តតាមនីតិវិធីច្បាប់៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print