ប្រធានាធិបតីទើបតែជាប់ឆ្នោតថ្មីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានប្រកាសថា លោកនឹងធ្វើតាមគោលបំណងរបស់ពលរដ្ឋ ផ្សះផ្សាជាតិសាសន៍ និងបង្កើនសមត្ថភាពការពារឱ្យកាន់តែខ្លាំង។ ថ្លែងសុន្ទរកថានៅបណ្ណាល័យជាតិនៃរដ្ឋសភាកូរ៉េ នាតំបន់ភាគខាងលិចនៃទីក្រុងសេអ៊ូលនៅថ្ងៃទី១០ ខែមីនា ប្រធានាធិបតីកូរ៉េខាងត្បូងទើបតែជាប់ឆ្នោតថ្មី លោក Yoon Suk-yeol បានប្រកាសថា លោកនឹងកសាងការការពារដ៏រឹងមាំក្នុងពេលដែលមានការគំរាមកំហែងកាន់តែខ្លាំងពីកម្មវិធីបរមាណូរបស់កូរ៉េខាងជើង ប៉ុន្តែលោកបញ្ជាក់ថា លោកនៅតែបើកចំហសម្រាប់កិច្ចពិភាក្សាជាមួយទីក្រុងព្យុងយ៉ាង។ លោក Yoon Suk-yeol នឹងចូលកាន់តំណែងប្រធានាធិបតីនៅថ្ងៃទី១០ខែឧសភាឆ្នាំ២០២២។ នៅថ្ងៃទី១០ខែមីនា ប្រធានាធិបតីកូរ៉េខាងត្បូង លោកមូន ជេអុីន បានទូរស័ព្ទជូនពរលោក Yoon Suk-yeol ដែលទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតី។ ជាមួយគ្នានោះ ក៏បានពិភាក្សាពីការផ្លាស់ប្តូរអំណាចប្រកបដោយភាពរលូនផងដែរ។ ជាមួយគ្នានេះ នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida នៅថ្ងៃទី១០ខែមីនាបានផ្ញើសារអបអរសាទរដល់លោក Yoon Suk-yeol ដែលបានជាប់ឆ្នោតជាប្រធានាធិបតីកូរ៉េខាងត្បូងថ្មីនៅក្នុងការបោះឆ្នោតកាលពីថ្ងៃពុធសប្ដាហ៍នេះ។ នៅក្នុងសារអបអរសាទរ, លោក គីស៊ីដា បានបង្ហាញក្ដីសង្ឃឹមថារូបលោកអាចនឹងធ្វើការយ៉ាងជិតសិ្នទ្ធជាមួយលោក យូន ដើម្បីស្ដារទំនាក់ទំនងរវាងកូរ៉េខាងត្បូង នឹងជប៉ុនឱ្យប្រសើរឡើង។ លោក គីស៊ីដា បានបញ្ជាក់ដូច្នេះថា «ខ្ញុំសូមអបអរសាទរអស់ពីដួងចិត្តចំពោះជ័យជម្នះរបស់លោក (លោក យូន) ក្នុងការបោះឆ្នោតនេះ។ ជាពិសេស នៅពេលនេះគឺជាពេលដែលសហគមន៍អន្តរជាតិកំពុងប្រឈមមុខនឹងការផ្លាស់ប្តូរដ៏ធំ…ដូច្នេះទំនាក់ទំនងល្អរវាងជប៉ុន នឹងកូរ៉េខាងត្បូង គឺជារឿងចាំបាច់មិនអាចខ្វះបាន»។ បើតាមលទ្ធផលបោះឆ្នោត លោក Yoon Suk-yeol ទទួលបានសំឡេងគាំទ្រ៤៨.៦ភាគរយ ខណៈគូប្រជែងមកពីគណបក្សកាន់អំណាចគឺ លោក Lee Jae-myung ទទួលបានសំឡេងគាំទ្រ ៤៧.៨ភាគរយ។ លោក Yoon Suk-yeol មានអាយុ៦១ឆ្នាំ នឹងត្រូវស្បថឡើងកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូងដោយមានអាណត្តិ៥ឆ្នាំ ជំនួសលោក មូន ជេអ៉ីន នៅថ្ងៃទី១០ខែឧសភាខាងមុខនេះ៕ ដោយធីរីណា
រូបថត៖ THX/VNA